(ប៉ារីស)៖ ក្រុមជម្រើសជាតិប៉ូឡូញ វ៉េល ព័រទុយហ្គាល់ អាល្លឹម៉ង់ ប៊ែលហ្ស៊ិក និងម្ចាស់ផ្ទះបារាំង សុទ្ធតែបានឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយដូចៗគ្នានៃ Euro 2016 អស់ហើយ រង់ចាំតែ២ក្រុមទៀតប៉ុណ្ណោះរវាង អេស្ប៉ាញ ប៉ះអ៉ីតាលី និងអង់គ្លេស ប៉ះអ៉ីស្លង់ បញ្ចប់វគ្គ១៦ក្រុមរាត្រីនេះតែប៉ុណ្ណោះ។
សារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្រុមការពារតំណែងជើងឯក ២សម័យកាលជាប់ៗគ្នាគោជល់អេស្ប៉ាញ នឹងត្រូវតតាំងជាមួយសត្រូវចាស់ អាសូរីអ៉ីតាលី ដែលគេធ្លាប់ឈ្នះពាន Euro 2012 នៅវគ្គផ្តាច់ព្រ័ត្រដោយបំបាក់ អ៉ីតាលី ៤-០ មិនឲ្យងើបមុខរួចឡើយ នៅទឹកដីនៃប្រទេសប៉ូឡូញ និងអ៊ុយក្រែនធ្វើម្ចាស់ផ្ទះរួមគ្នា។
អេស្ប៉ាញ ជាក្រុមលេខ២ ចេញពីពូល D ដោយលេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ និងចាញ់ក្រោមថ្វីជើងរបស់ ក្រូអាត ២-១ នៅថ្ងៃប្រកួតបញ្ចប់លើកទី៣របស់គេ ដែលក្រូអាត បង្ខំឲ្យទៅជួបសត្រូវចាស់ដែលគេធ្លាប់ឈ្នះ ៤-០ កាលពីឆ្នាំ២០១២ ទៀតក្នុងវគ្គ១៦ក្រុមនៅ Euro 2016 រាត្រីនេះក្នុងទឹកដីនៃប្រទេសបារាំង ក្នុងពហុកីឡដ្ឋាន State de France ស្ថិតក្នុងទីក្រុង Saint-Denis ដែលជាគូប្រកួតលើកទី៤៣ ក្នុង Euro 2016 លើកទី១៥នេះ ដោយមាន លោក Cuneyt Carir ជនជាតិតួកគី ជាអាជ្ញាកណ្តាលកាត់សេចក្តី។
ងាកមកមើលអ៉ីតាលី វិញជាក្រុមឈរនៅកំពូលតារាងចេញពីពូល E ដោយមាន៦ពិន្ទុ ដោយឆ្លងកាត់៣ប្រកួត ឈ្នះ២ និងចាញ់ម្តង ក្រោមថ្វីជើងរបស់សាធារណរដ្ឋអៀរឡង់ ១-០ នៅនាទីទី៨៥ ដែលត្រូវឡើងទៅជួបអេស្ប៉ាញ ក្នុងនាមជា ក្រុមធ្លាប់ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro បានម្តងដែរនាឆ្នាំ១៩៦៨ ក្នុងទឹកដីរបស់ខ្លួន ដោយឈ្នះយូហ្គោស្លាវី ២-១ ក្នុងជើងទី២ ក្រោយជើងទី១ ស្មើគ្នា ១-១។
ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ អ៉ីតាលី លេងមិនឈ្នះអេស្ប៉ាញសោះ អស់ណាស់ត្រឹមស្មើ២ដងគឺលទ្ធផល ១-១ ដូចគ្នា និងធ្លាប់ចាញ់៣ដង ដោយលទ្ធផល ១-០ ៧-៦ និង ៤-០។ ២ប្រកួតរាត្រីនេះ អេស្ប៉ាញ ប៉ះអ៉ីតាលី នៅម៉ោង ១១យប់ មុនពេលអង់គ្លេស ប៉ះអ៉ីស្លង់ ម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងវគ្គ១៦ក្រុមដូចគ្នា៕