(ក្រចេះ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានជំរុញដល់ខណ្ឌរដ្ឋបាលជលផល លើការងារអភិរក្សផ្សោតនៅខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធ្វើការឲ្យមានប្រសិទ្ធភាព ជាមួយនឹងអ្វីដែលនៅមាន។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឌិត ទីណា ដឹកនាំថ្នាក់ដឹកនាំក្រសួង ចុះត្រួតពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅព្រែកកាំពី ខេត្តក្រចេះ។ ពិធីនេះ បានរៀបចំធ្វើឡើងនៅប៉ុស្ដិ៍ឆ្មាំទន្លេ អភិរក្សផ្សោតកាំពី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ក្នុងសកម្មភាពនៃការចុះពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ដល់ខណ្ឌរដ្ឋបាលជលផល លើការងារអភិរក្សផ្សោតនេះ ដោយត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ធ្វើការឲ្យមានប្រសិទ្ធភាពជាមួយនឹងអ្វីដែលនៅមាន ពិសេសត្រូវមានគោលដៅការពាររតនសម្បត្តិសត្វផ្សោត និងត្រូវកាត់បន្ថយការធ្វើនេសាទ ដោយបង្វែរការនេសាទឲ្យទៅជាអ្វីផ្សេងៗ ដូចជាការចិញ្ចឹមត្រី ដែលចំណាយទុនតិច តែមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះទៀត លោក ឌិត ទីណា ក៏បានប្រាប់ឲ្យត្រូវទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ដោយលោកនឹងផ្តល់ជូនវិទ្យុទាក់ទង ហ្វាភ្លើង កែវយិត និងម៉ាស៊ីនទូកល្បឿនលឿន សម្រាប់ការជិះត្រួយពិនិត្យតំបន់ផ្សោត ក៏ដូចជាសិក្សាទីតាំងជននេសាទខុសច្បាប់ ដើម្បី កំណត់នូវអត្តសញ្ញាណជនបង្ក ដើម្បីអនុវត្តតាមនីតិវិធី។

ជាមួយគ្នានេះដែរ លោក ឌិត ទីណា បានប្រាប់ឲ្យត្រូវផ្តល់ធាតុចូលបន្ថែមពីទីតាំងភូមិសាស្ត្រ និងការប្រើកម្លាំងនៅទីតាំងស្នូល ដូចជាកាំពី ដែលជាតំបន់មានផ្សោតច្រើននៅរដូវប្រាំង។
លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានកើតសរសើរពីឆន្ទៈមន្ត្រីទាំងអស់ក្នុងការបំពេញនូវភារកិច្ច និងបន្តកិច្ចសហការជាមួយអង្គការដៃគូ WWF ព្រមទាំងព្យាយាមស្វែងរកគម្រោងដើម្បីជួយទ្រទ្រង់ដល់ក្រុមឆ្មាំ និងសហគមន៍ផងដែរ។

យ៉ាងណាមិញ លោករដ្ឋមន្ដ្រី បានរំលឹកបញ្ជាក់មិនឲ្យមានអ្នកនេសាទខុសច្បាប់ឡើយទាំងនៅរដូវប្រាំង និងវស្សា ព្រោះវាជាទីតាំងស្នូលសម្រាប់ការបង្កបង្កើនផលនេសាទ។ លោកសង្ឃឹមថា មានការថែរក្សាផ្សោតមិនឲ្យបាត់បង់ ដោយបន្តអភិរក្ស និងអភិវឌ្ឍសត្វផ្សោត ព្រមទាំងជម្រកត្រីផងដែរ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ត មានផ្ទៃដីសរុបចំនួន១១,០៩៤គីឡូម៉ែត្រក្រឡា ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គីឡូម៉ែត្រ នៅតាមដងទន្លេសំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រលិចទឹកថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់។

ក្នុងនោះ មានជម្រកសត្វផ្សោតចំនួន០៥កន្លែង (១-អន្លង់កាំពី-ជ្រោយបន្ទាយ ២-អន្លង់កន្ទុយកោះរងាវ ៣-អន្លង់កោះផ្តៅ ៤-អន្លង់សំប៉ាន-ខ្សាច់ម្កាក់ និង៥-អន្លង់កោះដំបង) ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចំរុះ។

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រុងក្នុងក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងជាប្រធានឆ្មាំទន្លេប្រចាំខេត្ដស្ទឹងត្រែង បានឲ្យដឹងថា ខេត្តស្ទឹងត្រែងស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសា មានស្រុកចំនួន០៥ ក្រុងចំនួន០១ ឃុំចំនួន៣០ សង្កាត់ចំនួន០៤ ភូមិចំនួន១៣៦ មានផ្ទៃដីសរុបចំនួន១២,០៣៦គីឡូម៉ែត្រក្រឡា ដែលមានទន្លេ០៤ហូរកាត់គឺទន្លេមេគង្គមានប្រវែង ១២០គីឡូម៉ែត្រ, ទន្លេសេសានមានប្រវែង ១២១គីឡូម៉ែត្រ, ទន្លេសេកុងមានប្រវែង១៤១គីឡូម៉ែត្រ, និងទន្លេស្រែពកមានប្រវែង ៦៥គីឡូម៉ែត្រ និងមានប្រជាជនភាគច្រើនរស់នៅតាមដងទន្លេទាំងនេះ។

នៅតាមដងទន្លេមេគង្គគឺ សំបូរទៅដោយរុក្ខជាតិទឹកនិងព្រៃលិចទឹកតូចធំ ដុះនៅត្រៀបត្រា ទឹកជួរ ផ្ទាំងថ្ម ធំៗ និងថ្មប៉ប្រះទឹកតូចៗ កោះខ្សាច់ -ល-។ ចាប់ពីព្រំប្រទល់ខេត្តក្រចេះក្នុងឃុំអូរម្រះ ស្រុកសៀមបូក រហូតដល់ព្រំប្រទល់កម្ពុជា-ឡាវ មានអន្លង់ចំនួន៣៥អន្លង់ ក្នុងនោះមានជម្រកត្រីនិងជម្រកសត្វផ្សោតចំនួន៤កន្លែង ដែលបានរៀបចំចំណាត់ថ្នាក់ជាកន្លែងការពារ អន្លង់ត្បូងខ្លា អន្លង់កោះកូនសត្វ និងអន្លង់កោះសន្ទក់។

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា សត្វផ្សោតទន្លេមេគង្គគឺមានរស់នៅខេត្តក្រចេះ និងស្ទឹងត្រែង។ បើតាមការកត់ត្រា បានឲ្យដឹងថា មានចំនួន៩២ក្បាល ក្នុងឆ្នាំ២០១៥-២០១៧, ៨៩ក្បាល ក្នុងឆ្នាំ២០១៧-២០២០ រីឯក្នុងឆ្នាំ២០២២កន្លងទៅនេះ មានចំនួន៨៥ក្បាល៕