(ភ្នំពេញ)៖ នៅសល់តែ ១០០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលា ដែលកម្ពុជា ទទួលភារកិច្ចរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមហើយ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។

ការប្រកួតកីឡាស៊ីហ្គេម ត្រូវបានរៀបចំឡើងដំបូងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ១៩៥៩។ កីឡានេះរៀបចំប្រកួតរៀងរាល់ពីរឆ្នាំ ម្តង ដោយប្រទេសជាសមាជិកទាំង១១ ផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់រៀបចំការ ប្រកួតនេះ។

កម្ពុជាជាសមាជិកចាប់តាំងពីកីឡានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨។ កម្ពុជា ត្រូវទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជាច្រើន លើកហើយ តែដោយសារវិបត្តិនយោបាយ សង្គ្រាម និងស្ថានភាពសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាបោះបង់ភារកិច្ចជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះជាបន្តបន្ទាប់។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំការយោគយល់ពីបណ្តាប្រទេសសមាជិកគណៈកម្មការកីឡានេះ មិនរៀបចំការប្រកួតនេះជាច្រើនលើកមកហើយ ព្រោះកម្ពុជាមិនទាន់មានលទ្ធភាព ហើយត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស។

ទើបតែនៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តទទួលយកភារកិច្ចរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ កីឡាបម្រើការប្រកួត ធនធានថវិកា និងធនធានមនុស្ស។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

រាប់ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះទៅ នៅសល់តែ ១០០ថ្ងៃទៀតប៉ុណ្ណោះ។ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋខ្មែរនៅទូទាំង ប្រទេសឱ្យចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ក្នុងព្រឹត្តិការណ៍នេះនឹងអមដោយផ្ទាំងទស្សនីយភាពសិល្បៈ និងកម្មវិធីជាច្រើន ដូចជាការអុជកាំជ្រួច, ការសម្តែងគុនល្បុក្កតោ, ការសម្តែងកីឡាតេក្វាន់ដូ, ការសម្តែងកីឡារាំ, ការបង្ហាញឈុតសម្លៀកបំពាក់កីឡា, បង្ហាញ Mascot គ្រប់ប្រភេទកីឡា និងផ្តល់ Mascot វត្ថុអនុស្សាវរីយ៍ដល់នាយបេសកកម្មគ្រប់ប្រភេទ និងប្រតិភូគុនខ្មែរ, ទស្សនីយភាពរបាំប្រជាជាតិអាស៊ីអាគ្នេយ៍ ព្រមទាំងការបន្លឺស្គរជ័យរាប់ថយក្រោយ អុជកាំជ្រួចអបអរសាទរជាដើម។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍ធ្វើជាផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ប្រកបដោយកិត្តិយស ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍រាប់ថយ ក្រោយនៃដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកបំផុសស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យរួមគ្នាគាំទ្រដល់ព្រឹត្តិការណ៍ប្រកបដោយមោទនភាពនេះ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

បន្ថែមពីលើនេះ ព្រឹត្តិការណ៍រាប់ថយក្រោយ ១០០ថ្ងៃនេះ គឺជាការបង្ហាញឱ្យកាន់តែច្បាស់អំពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣នៅកម្ពុជា។ និមិត្តរូប នៃ១០០ថ្ងៃ គឺជាការផ្ញើសារជូនទៅដល់គ្រប់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាគឺបានត្រៀមខ្លួនរួចរាល់ «Cambodia is Ready» ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ។

សូមជម្រាបថា ដើម្បីធានាដល់ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះ គណៈកម្មការរៀបចំការប្រកួត ដែលមានសម្តេចពិជ័យសេនា ជាប្រធាន បានត្រៀមលក្ខណៈសម្បត្តិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

នៅក្រោយពិធីរាប់ថយក្រោយ ១០០ថ្ងៃនេះទៅ គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង។

កម្ពុជាគ្រោងចំណាយថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២៕