(កំពង់ធំ)៖ លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសន្ទុក ចំនួន០៣រូប ដើម្បីជំរុញការផ្ដល់សេវាសាធារណៈឲ្យបានល្អ ប្រសើរនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនដល់ ប្រជាពលរដ្ឋឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកសន្ទុក ដោយបានការចូលរួមពីលោក លោកស្រី ប្រធានអនុ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល ស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

លោក ឡង គីសឹង អភិបាលស្រុកសន្ទុ បានជម្រាបជូនអំពីស្ថានភាព ភូមិសាស្ត្រក្នុងស្រុកសន្ទុកមាន ១០ឃុំ ស្មើនឹង ៩២ភូមិ ស្រុកមានចំនួនគ្រួសារ២៧,២៦២គ្រួសារ ប្រជាពលរដ្ឋសរុប១១៥,៧៨៣នាក់ ស្រី៥៧,៧៩៨នាក់ អាយុ១៨ ឡើងមានចំនួន៥៧,៨១១នាក់។

ស្រុកមានផ្ទៃដីសរុប៣០៩,៣៥០ហិកតា ក្នុងនោះផ្ទៃដីស្រែ៣៤,៩៣៩ ហិកតា ផ្ទៃដីចំការចំនួន១១៤,២៤៥ហិកតា (ផ្ទៃដីចំការកៅស៊ូ ១១ក្រុមហ៊ុន ស្មើនឹង២៩,៣១៧ហិកតា និងចំការកៅស៊ូជា លក្ខណៈគ្រួសារចំនួន១៤ភូមិ ស្មើនឹង១៧៤គ្រួសារ មានផ្ទៃដីសរុបចំនួន២,៨៥៣ហិកតា) ផ្ទៃដីភូមិនឹងផ្លូវចំនួន ៩,៣០៧ហិកតា និងផ្ទៃដីព្រៃចំនួន១៥០,៨៥៩ហិកតា។ ការដាក់ចេញបទបញ្ជារបស់រាជ រដ្ឋាភិបាលបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរួមមាន ឆ្នោតឡូតូ កន្ទុយលេខ ល្បែងជល់មាន់ ល្បែង បាញ់ត្រី ។ល។

លោក ហេង ធារ៉ា ដែលទើបទទួលបានមុខតំណែងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖

*ទី១៖ អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ គោលនយោបាយគោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង មហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
*ទី២៖ បន្តវប្បធម៌រក្សានិងបង្កើននូវសាមគ្គីភាពឯកភាព ផ្ទៃក្នុងទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សាស្រុកកងកម្លាំងទាំងបី មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្រុមប្រឹក្សាឃុំអង្គភាពមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានាដើម្បីអនុវត្តការងារឲ្យ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលសម ដូចសុភាសិតបុរាណបានពោលថា សាមគ្គីភាពរស់ បែកបាក់ សាមគ្គីស្លាប់
*ទី៣៖ ខិតខំបំពេញការងារតាមតួនាទីនិងភារកិច្ច យកអស់ពីកម្លាំងកាយ ចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ
*ទី៤៖ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីដើម្បីបម្រើប្រជាជននៅមូល ដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ
*ទី៥៖ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នៅវិធានការបង្ការការពារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងគ្រប់ប្រភេទ ជាពិសេសគឺជំងឺកូវីដ និងជំងឺអត់ស្វា។

លោក លី វេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ជុំវិញការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។

លោកបានបន្តរថា អភិបាលរងស្រុកសន្ទុក ដែលបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ដោយពិនិត្យទៅ លើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ការងារទើបក្រសួងមហាផ្ទៃបានសម្រេច ប្រកាសតែងតាំង ដើម្បី សម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿន មានភាពជឿជាក់ និងមានតម្លាភាព។

ក្រោយពីទទួលបាន តួនាទីភារកិច្ចនេះ គប្បីត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យលោកទាំងអស់ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំង៣។

លោកក៏បានដាក់ចេញផែនការសកម្មភាពមួយចំនួន សម្រាប់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក ដាក់ជម្រុញ និងអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មានកិច្ចសហការ ល្អជាមួយវិស័យឯកជន សប្បុរសជន អង្គការជាតិ អន្តរជាតិ ក្នុងការគៀងគររកមូលនិធីកសាងមូលដ្ឋាន។ រាល់ការ តែងតាំងមន្ត្រីណាម្នាក់ ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ កុំឱ្យមន្ត្រីក្រោមឱវាទ មានការថ្នាំងថ្នាក់ដល់ថ្នាក់ ដឹកនាំ ជាពិសេសប្រមុខនៃរាជរដ្ឋាភិបាល និងត្រូវខិតខំសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្នែកលើគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថាន និងតុបតែងលម្អភ្លើងព័ណ៌ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ ដែលនឹងខិតជិតមក ដល់នាពេលខាងមុខ ហើយដែលរដ្ឋបាលខេត្តប្តេជ្ញារៀបចំឱ្យមានភាពអធិកអធមសម្រាប់ប្រជាពលរដ្ឋ សប្បាយ រីករាយផងដែរ។ អភិបាលរងស្រុកសន្ទុក៣រូប ដែលប្រកាសចូលកាន់តំណែងរួមមាន៖

*ទី១៖ លោក ហេង ធារ៉ា
*ទី២៖ លោក កូប យ៉ា
*ទី៣៖ លោក សន វឿន៕