(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅ តបតាមការអញ្ជើញរបស់លោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទំាងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។

រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគី ដែលត្រូវបានស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់យ៉ាងញឹកញាប់ ពិសេសដោយមានជំនួបកំពូលទ្វេភាគីចំនួន ០៤លើក រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នំាមុន។

រដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍កិច្ចសហប្រតិបតិ្តការ និងទំនាក់ទំនងយ៉ាងសកម្មលើវិស័យសន្តិសុខ និងការពារជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច រវាងនាយទាហាននៃប្រទេសទំាងពីរ និងការចូលចតរបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា កាលពីឆ្នំាមុន។

រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានឈានទៅជិតដល់កម្រិតមុនវិបតិ្តជំងឺកូវីដ-១៩ ព្រមទំាងលំហូរយ៉ាងខ្លំាងនៃវិនិយោគ ពីប្រទេសជប៉ុនចូលមកកម្ពុជា ហើយលោករដ្ឋមន្ត្រីទំាងពីរ ក៏បានឯកភាពធ្វើការជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន រួមទំាងការជំរុញឲ្យមានការហោះហើរផ្ទាល់ឡើងវិញ រវាងកម្ពុជា និងជប៉ុន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទំាងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ជប៉ុន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានគ្រាប់មីននៅត្រឹមឆ្នំា២០២៥» របស់កម្ពុជា។

ចំពោះប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសទំាងពីរបានឯកភាពឲ្យមានការចាប់ផ្តើម ឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស នៅប្រទេសជប៉ុន និងបានសម្តែងនូវការប្តេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទំាងពីរ។ លោករដ្ឋមន្ត្រីទំាងពីរក៏បានពិចារណាជាវិជ្ជមាន ក្នុងការដំឡើងកម្រិតយន្តការ ពិគ្រោះយោបល់ទ្វេភាគីបច្ចុប្បន្ន ពីថ្នាក់ឧត្តមមន្ត្រី ទៅថ្នាក់អនុរដ្ឋមន្ត្រី។

ក្រៅពីកិច្ចសហប្រតិបតិ្តការទ្វេភាគី រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបតិ្តការត្រីភាគី ដែលកំពុងដំណើរការ ស្តីពីការដោះមីនសម្រាប់អ៊ុយក្រែន និងឯកភាពពង្រីកកិច្ចសហការនេះដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ រដ្ឋមន្ត្រីទំាងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការពហុភាគី និងឯកភាពគ្នាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត ពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌពាក់ព័ន្ធអាស៊ាន។

លោក ហាយ៉ាហ្ស៉ី បានបញ្ជាក់សាជាថ្មីនូវការកោតសរសើរ និងអបអរសាទររបស់ជប៉ុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក្នុងពេលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងអំណរគុណចំពោះការចូលរួមរបស់ជប៉ុន និងបានថ្លែងពីការគំាទ្រយ៉ាងពេញលេញពីសំណាក់កម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបតិ្តការអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នេះ។

រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ដូចជា សង្គ្រាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា លោក ហាយ៉ាហ្ស៉ី បានបញ្ជាក់សាជាថ្មីនូវការកោតសរសើរយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រឡប់មកប្រក្រតីភាពឡើងវិញ និងសង្ឃឹមថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ។

ជាចុងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥតងាករេរបស់កម្ពុជា ចំពោះជប៉ុនជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពន្លឿនឱ្យមានដំណោះស្រាយឆាប់រហ័ស លើបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង។ លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការគំាទ្ររបស់កម្ពុជា ចំពោះគោលការណ៍សំខាន់បី នៃយុទ្ធសាស្ត្រសន្តិសុខជាតិជប៉ុន (NSS) ដែលផ្តោតលើវិភាគទានប្រកបដោយបុរេសកម្មដើម្បីសន្តិភាព គុណតម្លៃសកល និងសន្តិសហវិជ្ជមាន ព្រមទំាងវិបុលភាពរួមគ្នាជាមួយនឹងបណ្តាប្រទេសនានាដទៃទៀត។

ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានចូលរួមពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ និងបានប្រាស្រ័យទាក់ទងជាមួយនឹងសមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន និងសមាគមជប៉ុន-កម្ពុជាផងដែរ។ នៅក្នុងជំនួបទាំងនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការអរគុណចំពោះស្ថាប័នទាំងពីរ ដែលបានរួមចំណែកដល់ការរីកចម្រើនជារួមនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ ជាការឆ្លើយតប គណប្រតិភូទាំងនោះបានសន្យា នឹងបន្តជួយជម្រុញឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កាន់តែស៉ីជម្រៅថែមទៀត៕