(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចឲ្យសាងសង់វិមានរំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ឡើងវិញនៅសួនមុខស្ថានទូតបារាំង ក្រោយបំផ្លាញដោយរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញកាលពីឆ្នាំ១៩៧៥។

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក «រូបពីរ ឬវិមាន រំឮកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» នេះឡើងវិញធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក Olivier-Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស, ភាពទាក់ទាញ និងជនជាតិបារាំងនៅប្រទេសបារាំង, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ការសាងសង់វិមាននេះឡើងវិញ ជាការរំលឹកដល់វិញ្ញាណក្ខន្ធរបស់យុទ្ធជនស្ម័គ្រចិត្តខ្មែរចំនួន១៥១នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ ១៩១៨ នៅប្រទេសបារាំង។ បន្ថែមពីលើនេះ សំណង់វិមានដែលនឹងលេចចេញជារូបរាងឡើងនាពេលខាងមុខ ជាការបង្ហាញនូវចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងផងដែរ។

លោកបន្តថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជាស្តូបអនុស្សាវរីយ៍ រវាងទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ អាជ្ញាធរបារាំង និងឥស្សរជន ខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្ថបនេះឡើងនៅវិញមួយទល់មុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ គឺដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការ ដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកបានដាក់សំណើទៅសម្ដេចតេជោ ដើម្បីសាងសង់ឡើងវិញ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និង ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងនៅចំពោះមុខលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងជំនួបឯវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ នៅទីក្រុងប៉ារីស សម្តេចតេជោបានអនុញ្ញាតឱ្យ មានការសាងសង់វិមាននេះឡើងវិញ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្ដួចផ្តើមគំនិតក្នុងការសាងសង់វិមាននេះឡើងវិញ ដើម្បីជាការរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំង បារាំង និងរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ដែលជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ចាប់ពីឆ្នាំ១៩៧៩មក បានកម្ពុជាខិតខំលើកតម្លៃនូវរាល់សមិទ្ធផលនានាដែលនៅសេសសល់ ពីការកម្ទេចចោលរបស់ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំ ឋិតថេរយូអង្វែងតទៅ។

លោកបន្ថែមទៀតថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ។

ថ្នាក់ទី១ កម្ពស់ ១,១០ម៉ែត្រ លម្អដោយសួនច្បារ ថ្នាក់ទី២ កម្ពស់ ២,១០ ម៉ែត្រ ថ្នាក់ទី៣ កម្ពស់ ៩,៣៧ ម៉ែត្រ បដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹកកន្ទួត ៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់ ១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ រូបសំណាកសត្វតោធ្វើអំពីលង្ហិន ចំនួន៤ រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិស តំណាងឲ្យឆ្មាំនៃអនុទិសទាំង៤។

លោកOlivier-Becht បានលើកឡើងថា បារាំងទទួលបានជ័យជម្នះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ យើងមិនភ្លេចចំពោះអ្នកបានពលី ក្នុងភ្លើងសង្គ្រាមនោះទេ។ ដូច្នេះហើយទើបអាជ្ញាធរបារាំង និងឥស្សរជន ខ្មែរបានព្រមព្រៀងគ្នា សាងសង់ស្ថបនេះឡើង នៅវិញមួយទល់មុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ ដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការ ដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១៕