(ក្រចេះ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ជិះទូកស្មាច់ម៉ាស៉ីនត្រួតពិនិត្យ នៅអន្លង់ផ្សោតកាំពី ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្ដក្រចេះ ដេីម្បីពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ។

ក្នុងឱកាសនោះលោក ឌិត ទីណា បានបញ្ជាក់ថា នៅក្នុងតំបន់ផ្សោតអន្លង់កាំពី ខេត្ដក្រចេះនេះ គឺមិនឲ្យមានការនេសាទគ្រប់ប្រភេទជាដាច់ខាត ទោះបីជាលក្ខណៈគ្រួសារក៏ដោយក្ដី។

ទន្ទឹមគ្នានោះ លោក ឌិត ទីណា ក៏បានឧបត្ថម្ភម៉ាស៉ីនទូក និងស្លាបចាក់ចំនួន៣គ្រឿង ព្រមទាំងសាមែលចំនួន១០គ្រឿង និងហ្វាធំៗ ចំនួន១០គ្រឿង និងសម្ភារមួយចំនួនទៀត ជូនដល់ប៉ុស្ដិ៍ឆ្មាំទន្លេ អភិរក្សផ្សោតកាំពី ដែលការពារនៅក្នុងតំបន់នេះ ដេីម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចុះបង្ក្រាបបទល្មេីសនានា។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ត មានផ្ទៃដីសរុបចំនួន១១,០៩៤គីឡូម៉ែត្រក្រឡា ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គីឡូម៉ែត្រ នៅតាមដងទន្លេសំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រលិចទឹកថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់។

ក្នុងនោះ មានជម្រកសត្វផ្សោតចំនួន០៥កន្លែង (១-អន្លង់កាំពី-ជ្រោយបន្ទាយ ២-អន្លង់កន្ទុយកោះរងាវ ៣-អន្លង់កោះផ្តៅ ៤-អន្លង់សំប៉ាន-ខ្សាច់ម្កាក់ និង៥-អន្លង់កោះដំបង) ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចំរុះ។

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រុងក្នុងក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់៕