(កំពង់ធំ)៖ លោក កើ សាឡឹម និងលោក មាន់ ចាន់ថារ៉ូ ត្រូវបានប្រកាសជាអភិបាលរងស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមវត្តមានលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុកបារាយណ៍ ដោយមានការចូលរួមពីលោក អ៊ួង សារឿន អភិបាលស្រុក អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋជាច្រើនរូប។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ និងការមតិប្តេជ្ញាចិត្តរបស់លោកអភិបាលរង ដែលត្រូវប្រកាសចូលកាន់តំណែងរួចមក លោក ចាន់តារា បានអបអរសាទរចំពោះលោក លោក កើ សាឡឹម និងលោក មាន់ ចាន់ថារ៉ូ ត្រូវបានក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តផ្តល់តួនាទីជាអភិបាលរងថ្មីនេះ។

លោកបានបញ្ជាក់ថា សមិទ្ធផលថ្មីៗសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការរាតត្បាតជំងឺកូវីដ១៩ ការរក្សានូវសន្តិភាព ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារបានយ៉ាងគត់មុតនូវបូរណភាពទឹកដី។

លោកបានស្នើគណៈអភិបាលស្រុក ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាព ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសលុបបំបាត់ល្បែង ស៊ីសងខុសច្បាប់គ្រប់ទម្រង់ក្នុងភូមិសាស្ត្រស្រុករបស់ខ្លួនព្រោះល្បែងស៊ីសងវាប៉ះពាល់ដល់ជីវភាពគ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

លោក ចាន់ តារា បានជំរុញការអភិវឌ្ឍន៍ក៏សាងសមិទ្ធផលថ្មីៗនៅក្នុងមូលដ្ឋានពិសេសការផ្តល់សេវារដ្ឋបាលសាធារណៈនៅតាមឃុំជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់ល្អប្រសើរបន្ថែមទៀត៕