(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Michael Raine ប្រធានអង្គការ Apopo ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិរបស់អង្គការ APOPO សម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ព្រមទាំងបានថ្លែងអំណរគុណចំពោះការចូលរួមក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះ អង្គការ APOPO មានបុគ្គលិកសរុបចំនួន ៩៥រូប បានប្រតិបត្តិការរាវរកមីន និងគ្រាប់ដោយដោយប្រើប្រាស់សត្វកណ្តុរ និងសុនខ ក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គភាពស៊ីម៉ាក់ និងអង្គការ MAG។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីចំនួន ២៣.០១១.៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៨.០៦៩ នាក់ ស្មើនឹង ៨.៩២៨ គ្រួសារ។

អង្គការ APOPO គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីនមនុស្សធម៌ដែលទទួលបានប័ណ្ណទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការពីអាជ្ញាធរមីនសម្រាប់អនុវត្តការងារ បោសសម្អាត មីន/គ្រាប់ក្នុងប្រទេសកម្ពុជា។

ការប្រើប្រាស់សត្វកណ្តុរហិតរកមីន/គ្រាប់ អង្គការ APOPO ជាអង្គការទីមួយក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់វិធីសាស្ត្រនេះ ដែលសត្វកណ្តុរទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក។ បន្ថែមលើការប្រើប្រាស់ សត្វកណ្តុរក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជាមួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ៕