(សេអ៊ូល-កូរ៉េ)៖ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ភិក្ខុ ពៅ សុភក្រ្ក័ ឲ្យឡើងទីជា «ព្រះបញ្ញសត្ថាចារ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា» ប្រចាំនៅសាធារណរដ្ឋកូរ៉េ (កួរ៉េខាងត្បូង)។

ពិធីប្រកាសតែងតាំង ភិក្ខុ ពៅ សុភក្រ្ក័ ឲ្យឡើងទីជា «ព្រះបញ្ញសត្ថាចារ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា» ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានប្រព្រឹត្តទៅយ៉ាងអធិកអធម តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្រោមព្រះអធិបតីភាព ព្រះសិរីកោសល សុំ សុខា ឧបការីជាន់ខ្ពស់ តំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ភេ សេងឃាង ប្រធានលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក តូយ ដារិទ្ធ តំណាងឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

គោរម្យងារទីជាព្រះរាជាគណៈថ្នាក់កិត្តិយសនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឡើង ដើម្បីជាការលើកទឹកព្រះទ័យ ចំពោះព្រះភិក្ខុ ភទ្ទបញ្ញោ ពៅ សុភក្រ្ក័ ប្រធានសមាគមវត្តខ្មែរគូមី ដែលព្រះអង្គបានជួយជ្រោមជ្រែង ការពារ និងដោះស្រាយ បញ្ហាជាច្រើនជូនខ្មែរ ដែលរស់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េកន្លងមក។

នេះក៏ជាគោរម្យងារសង្ឃជាន់ខ្ពស់ លើកទី១ដែរ ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងប្រចាំនៅសាធារណរដ្ឋកូរ៉េ តាមរយៈសម្តេចតេជោនាយករដ្ឋមន្រ្តី៕