(ភ្នំពេញ)៖ គិតត្រឹមថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ សរុបចំនួន ២២,១០៤ច្បាប់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃពុធនេះ។
សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច៕