(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឬពុំទាន់មាន ឬបាត់ ខូច សូមប្រញាប់ទាក់ទងតាមបណ្តាមេប៉ុស្តិ៍នានា ដែលបងប្អូនរស់នៅ ប្រិសនបើករណីមានធុរៈមិនអាចមកប៉ុស្តិ៍រដ្ឋបាលបាន នោះមន្ត្រីប៉ុស្តិ៍រដ្ឋបាលនឹងចុះធ្វើជូនដល់ខ្នងផ្ទះ។

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់អធិការនគរបាលខណ្ឌ នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតលេីការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។

បន្ថែមពីនេះ មន្ត្រីនគរបាលខណ្ឌបានប្ដេជ្ញានឹងខិតខំបន្ថែមក្នុងការស្រាវជ្រាវលេីករណីយឺតយាវនេះ ហេីយត្រូវតែធ្វេីជូនប្រជាពលរដ្ឋឱ្យអស់ មិនត្រូវទុកចោលយូរទៀតឡេីយ៕