(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកវេទិការស្តីពីស្ថានភាព នៃការអភិវឌ្ឍ នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ និងគម្រោងអាទិភាពនៃឆ្នាំបន្ទាប់របស់ខ្លួន ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារម៉ូដែន៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ក្នុងវេទិការនេះ លោកអភិបាលខណ្ឌ បានលើកឡើងថា លទ្ធផលជាច្រើនដែលក្រុមការងារសម្រេចបាន រួមមាន៖ ទី១.លទ្ធផលអនុវត្ត ការងាររបស់ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០១៥ ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២ ដោយមានក្រុមការងារកសាងផែនការ និងគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ជាសេនាធិការ បានរៀបចំសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ (២០១៥-២០១៩) ទៅតាមលក្ខណៈ បច្ចេកទេស នៃសេចក្ដីណែនាំ នីតិវិធីរបស់ថ្នាក់ជាតិ និងដោយមានការចូលរួមផ្ទាល់ពី ការិយាល័យជំនាញនានា ជុំវិញខណ្ឌនិង ការិយាល័យ ចំណុះរចនាសម្ព័ន្ធសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ អង្កការសង្គមស៊ីវិល វិស័យឯកជន ប្រជាពលរដ្ឋក្រុមតំណាងអ្នក ទទួលផល ពិសេសស្ត្រីនិងកុមារ ជនងាយរងគ្រោះ និងអ្នកពាក់ព័ន្ធនានា នៅក្នុងខណ្ឌដោយមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យដំណើរការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ទទួលបានជោគជ័យ ហើយកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់សាលាខណ្ឌ ឫស្សីកែវនេះ បានរៀបចំឡើងស្របតាមក្របខណ្ឌអភិវឌ្ឍន៍ និងសូចនាករជាក់លាក់ ព្រមទាំងយុទ្ធសាស្ត្រដែលជាមូលដ្ឋានសម្រាប់ធ្វើ សេចក្ដីសម្រេចចិត្ត ក្នុងការប្រើប្រាស់ធនធាន និងសក្ដានុពលនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពសេវាកម្ម សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ,ទី២.លទ្ធផលការ អនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ (២០១៥-២០១៧) ក្រោយពីក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ បានអនុម័តលើគម្រោងអាទិភាពរបស់ រដ្ឋបាលខណ្ឌ បានធ្វើសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ (២០១៥-២០១៧) ដើម្បីស្វែងរកប្រភពអ្នកគាំទ្រគម្រោងរបស់ខ្លួន ជាលទ្ធផលទទួលបានការគាំទ្រ សរុបចំនួន៨៣ គម្រោងស្មើនឹង៩៨ភាគរយ ក្នុងនោះមាន ១.ផ្នែកសេដ្ឋកិច្ច គឺទទួលបានការគាំទ្រគម្រោង សរុបចំនួន១៤គម្រោង អនុវត្តបាន១២គម្រោងស្មើនឹង៨៦ភាគរយ ២.ផ្នែកសង្គមកិច្ច គឺទទួលបានការគាំទ្រគម្រោង សរុបចំនួន៤២គម្រោង អនុវត្តបាន៤២គម្រោងស្មើនឹង១០០ភាគរយ ៣.ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិ បរិស្ថាន គឺទទួលបានការគាំទ្រគម្រោងសរុបចំនួន៦ គម្រោង អនុវត្តបាន៦គម្រោងស្មើនឹង១០០ភាគរយ ៤.ផ្នែករដ្ឋបាលសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺទទួលបានការគាំទ្រគម្រោង សរុបចំនួន២១គម្រោង អនុវត្តបាន២១គម្រោងស្មើនឹង១០០ភាគរយ និងទី៣.សកម្មភាពជាអាទិភាពកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ខណ្ឌ ឆ្នាំបន្ទាប់ (២០១៦-២០១៧) ក្នុងឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២ បានចងក្រងសៀវ ភៅផែនការអភិវឌ្ឍ រៈពេល៥ឆ្នាំ (២០១៥-២០១៩) និងរៀបចំចងក្រងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខ្លួនស្របទៅតាមក្របខណ្ឌអភិវឌ្ឍខណ្ឌ ដែលក្នុងនោះមាន គម្រោងអាទិភាពចំនួន៧៦គម្រោង បានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខណ្ឌ ឆ្នាំ(២០១៦-២០១៨) ហើយរដ្ឋបាលខណ្ឌ បានរៀបចំ ធ្វើសមាហរណកម្មលើកម្មវិធីវិនិយោគ៣ឆ្នាំរំកិល កាលពីចុងឆ្នាំ២០១៥ កន្លងទៅ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៦ជាលទ្ធផលទទួល បានការគាំទ្រគម្រោង សរុបចំនួន៧៧គម្រោង ស្មើនឹង៧៨ភាគរយ ក្នុងនោះមាន ១.ផ្នែកសេដ្ឋកិច្ច គឺទទួលបានការគាំទ្រគម្រោងសរុប ចំនួន១២គម្រោង, ២.ផ្នែកសង្គមកិច្ច គឺទទួលបានការគាំទ្រគម្រោង សរុបចំនួន៣៩ គម្រោង, ៣.ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិ បរិស្ថាន គឺទទួលបានការគាំទ្រគម្រោង សរុបចំនួន៥គម្រោង ៤.ផ្នែករដ្ឋបាលសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺទទួលបានការគាំទ្រគម្រោង សរុបចំនួន២១គម្រោង។
សូមជម្រាបថា ក្នុងឆ្នាំនេះក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក៏ដូចជា គណៈអភិបាលខណ្ឌឫស្សីកែវ សង្ឃឹមថា នឹងទទួលបានថវិកាពីថ្នាក់ជាតិ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕