(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា សម្រេចឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង អគ្គលេខា ធិការដ្ឋានរដ្ឋសភាសិក្សា និងពិចារណាទៅលើការបើកប្រាក់បៀវត្សរ៍ និងការប្រើប្រាស់មធ្យោបាយនានា របស់តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដែលមិនបានចូលបម្រើការងារ ព្រមទាំងបានស្នើឲ្យដាក់វិន័យ ទៅតាមបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភាផងដែរ។
យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការអនុវត្តមានមិនចូលបម្រើការងារ របស់តំណាងរាស្រ្តមកពីបក្សប្រឆាំង ហើយនៅតែបន្តបើកប្រាក់បៀវត្សរ៍ និង ប្រើមធ្យោបាយនានារបស់រដ្ឋសភា បាននាំឲ្យមានការប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន នៃសង្គមកម្ពុជា រួមមានប្រជាពលរដ្ឋ តំណាងរាស្រ្ត រាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានបញ្ជាក់ថា អវត្តមានរបស់តំណាងរាស្រ្ត ដែលពុំបានចូលបំពេញការងារ គឺជាការល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។
ឆ្លើយតបការប្រតិកម្ម គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាតាមរយៈកិច្ចប្រជុំរបស់ខ្លួននាព្រឹកមិញនេះ បានប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការសិក្សា និងពិចារណាលើករណីនេះ។ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ក៏បានស្នើឲ្យពិនិត្យដាក់វិន័យ តាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ចំពោះតំណាងរាស្រ្ត ដែលមិនមកបំពេញភារកិច្ច ដោយពុំមានមូលហេតុ និង មូលដ្ឋានច្បាស់លាស់។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា តម្រូវឲ្យយកលទ្ធផល នៃការសិក្សាពិចារណាខាងលើ ទៅផ្សព្វផ្សាយជូនសាធារណជន នឹងត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និង សម្រេច។
សូមបញ្ជាក់ថា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានពហិការមិនចូលប្រជុំរដ្ឋសភា ជាច្រើនលើកមកហើយ បន្ទាប់ពីតុលាការមាន ចំណាត់ការតាមផ្លូវច្បាប់ទៅលោក កឹម សុខា អនុប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលមិនព្រមចូលទៅបំភ្លឺលើសំណុំរឿងសញ្ចាកម្ម៕