(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យដ៏ធំធេងក្នុងនាមជាប្រធានអាស៊ានប្តូរវេន រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលទើបតែនឹងបញ្ចប់ទៅកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏នឹងត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលនឹងរៀបចំឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងរាជធានីភ្នំពេញ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ស៊ីហ្គេម នឹងផ្តល់នូវភាពសប្បាយរីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងអត្ថន័យ «កីឡារស់ក្នុងសន្តិភាព» ផង និងក៏ក្នុងន័យចង់បញ្ជាក់ថា ដោយសារតែកម្ពុជាធានារក្សាបាននូវសុខសន្តិភាពពេញលេញ ទើបជាទីកន្លែងដ៏កក់ក្តៅ និងជឿទុកចិត្តបំផុតសម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះឡើង។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ជាយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់។ សម្រាប់បេះដូងស្រឡាញ់ខ្មែរ និងលើកតម្កើងនូវវិស័យកីឡា ដើម្បីសុខភាពផង ក៏ដូចជាភាពស្មើមុខមាត់ក្នុងនាមជាម្ចាស់ផ្ទះលើឆាកអន្តរជាតិផងដែរនោះ យើងទាំងអស់គ្នានឹងចូលរួមរាប់ថយក្រោយ១០០ថ្ងៃទាំងអស់គ្នា (Countdown​ ) ដើម្បីឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេសបានដឹងថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរៀបចំទទួលស្វាគមន៍កីឡាករ កីឡាការិនី រាប់ពាន់នាក់មកបីបណ្តាប្រទេសនានាចូលរួម។

មិនមែនជារឿងងាយស្រួល និងចៃដន្យពេកនោះទេ ដែលកម្ពុជាមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម នេះឡើង ​គឺពិតជាមោទនភាពដ៏ក្រៃលែងបំផុត ដែលខ្មែរអាចធ្វើបាន គឺដោយសារតែប្រជាជនកម្ពុជាមានភ័ព្វសំណាងដែលមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដឹកនាំ កាច់ចង្កូត និងធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡា ក៏ជាចំណុចលេចធ្លោរដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់កំរិតខ្ពស់ ហើយនិងបានកំពុងលើកតម្កើងជាខ្លាំង។

មិនត្រឹមតែធានាបាននូវសុខសន្តិភាព ការបញ្ចប់សង្គ្រាមប៉ុណ្នោះទេ កម្ពុជាក៏ជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយដែលកំពុងអភិវឌ្ឍដ៏មានសក្តានុពលបំផុត ដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍ពីបរទេសចូលមកទស្សនា កំសាន្ត ការធ្វើធុរកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន និងកម្ពុជាក៏ជាប្រទេសដែលទទួលជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏លេចធ្លោរផងដែរ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើដំណើរឆ្ពោះទៅរកការដឹកនាំ រៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចពីចម្ងាយ ដោយបានដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រ ក្នុងការរៀបចំយ៉ាងម៉ត់ចត់ លើគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ព្រមទាំងត្រួតពិនិត្យលើការអនុវត្តផែនការតាមផ្នែកនីមួយៗយ៉ាងល្អិតល្អន់បំផុត។ កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបំពេញនូវតួនាទីដ៏សំខាន់ ក្នុងនាមជាម្ចាស់ផ្ទះឱ្យបានល្អបំផុត ក្នុងគោលដៅលើកកម្ពស់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំផ្ទុះឱ្យកក្រើកឡើង ជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ឱ្យនាំគ្នាបង្កើនការហាត់កីឡា ដើម្បីសុខភាព និងក៏បានប្រកាសម្តងជាពីរដងក្នុងពេលចុងក្រោយនេះ អំពីការត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើយុទ្ធនារាប់ថយក្រោយ ចំនួន១០០ថ្ងៃ ដល់ការប្រកួតកីឡា ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អស់រយៈពេល៦០ឆ្នាំមកហើយ ដែលកម្ពុជារង់ចាំឱកាសរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមនេះឡើង។ បញ្ហា គឺម៉្យាងដោយសារសភាពការណ៍ប្រទេសជាតិយើងមិនអំណោយផល ពីព្រោះតែសង្គ្រាម បានកើតមានឡើង ប្រជាជនរងទុក្ខវេទនា និងបាត់បង់ឱកាសក្នុងការរៀបចំប្រទេសជាតិ ហើយក្រោយមកយើងមានអំណោយពីសុខសន្តិភាពមែនពិត ប៉ុន្តែនៅខ្វះហេដ្ឋានរចនាសម្ព័ន្ធជាច្រើន ដែលរងនូវការបំផ្លិចបំផ្លាញអស់គ្មានសល់។ ប៉ុន្តែពេលនេះ កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន អីឡូវយើងមានឱកាសគ្រប់គ្រាន់រៀបចំស៊ីហ្គេម ដែលនឹងមានកីឡាករ កីឡាការិនីរាប់ពាន់នាក់មកពីបណ្តាប្រទេសនានា មកចូលរួមនៅរាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថា «យើងត្រូវខិតខំធ្វើឱ្យបានមិនមែនសំដៅតែការឈ្នះមេដាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវតែខិតខំក្នុងនាមជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់នូវសុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនីផង និងអ្នកដឹកនាំក្រុមកីឡាទាំងនោះមកផង ឱ្យអ្នកគ្រប់គ្នាទទួលបាននូវការសប្បាយរីករាយនៅពេលដែលពួកគេបានមកចូលរួមប្រកួតកីឡា ស៊ីហ្គេម នៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយរង់ចាំធ្វើជាម្ចាស់អស់ជាច្រើនទស្សវត្សរ៍។ ព្រឹត្តិការណ៍ដ៏ធំនេះ និងទទួលបានការយាងប្រទានព្រះភ្លើង ពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញពីខេត្តសៀមរាប ដោយមានវត្តមាន កីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា រាប់ពាន់នាក់ មកពីបណ្តាប្រទេសនានាចូលរួមផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ រួមគ្នារៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេមនេះ ឱ្យទទួលបានជោគជ័យ។

ដើម្បីទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ២០២៣ ខាងមុខនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញអនុសាសន៍ ចំនួន៥ចំណុច គឺ ទី១-ក្រសួងស្ថាប័ន រាជធានីខេត្ត មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួនឲ្យបានផុលផុសនៅគ្រប់ទីកន្លែង។ ទី២-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូត និងស្ថានតំណាងនៅក្រៅប្រទេស និងក្រសួងស្ថាប័ននានាត្រូវចូលរួមយុទ្ធនាការការទូត និងកិច្ចការបរទេសកីឡាដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដោយប្រើប្រាស់គ្រប់វេទិកាសវនាការ ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈអន្តរជាតិ។ ទី៣-ត្រូវរួមគ្នាលើកកម្ពស់មុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយកីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន។ ទី៤-គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ កិត្តិយស ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យសហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី កីឡាករ កីឡាការិនីជនពិការ ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតីក្នុងការហ្វឹកហាត់អភិវឌ្ឍជំនាញវិជ្ជាជីវៈជាកីឡា និងបំពេញបេសកកម្មរៀងខ្លួនៗជាមួយ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ និងទី៥-សូមអំពាវនាវក្រុមហ៊ុនសហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិកីឡាអាស៊ី អាគ្នេយ៍ ឆ្នាំ ២០២៣ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ឲ្យទទួលបានជោគជ័យ។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់នូវកិត្យានុភាពជាតិ ក្នុងទស្សនៈ «កីឡារស់ក្នុងសន្តិភាព» នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ថវិកាដែលនឹងត្រូវចំណាយ មួយផ្នែកគឺជាថវិកាដែលបានបង្កកប្រចាំឆ្នាំប្រមាណជា ៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ គឺទុកសំរាប់ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះរួចហើយដែរ៕
ដោយ៖ ស ជាតិ