(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលមានទំហំទទឹង១១ម៉ែត្រ និងជម្រៅ៩ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត២ម៉ឺនដុល្លារ ដោយទទួលបានការឧបត្ថម្ភពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចំនួន១ពាន់ដុល្លារ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍ និងជូនបច្ច័យតាជី យាយជី ចំនួន៣០នាក់ ក្នុងម្នាក់ៗបច្ច័យ១មុឺនរៀល សារុង១។

បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ និងសហការី បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដេីម្បីត្រៀមលក្ខណៈចលនាសាងសង់អាគារថ្មីជាបន្តទៀត។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចូលមកកាន់ក្នុងមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា នាពេលថ្មីៗកន្លងមកនេះ ។ បេីគិតមកដល់ពេលបច្ចុប្បន្ននេះរយៈពេលត្រឹមតែបីសប្ដាហ៍ គឺមិនដល់មួយខែផងអាគារប៉ុស្តិ៍នគរបាលរដ្ឋ បាល ចំនួន២កន្លែង បាននិងកំពុងចាប់ផ្ដើមសាងសង់ថ្មី៖

*ទី១៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
*ទី២៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ៕