(ព្រះសីហនុ​)៖ នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃអង្គារនេះ។

លោក តាំង សុចិត្រគ្រឹស្នា បានឱ្យដឹងថា «នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ២២-២៤ ខែមករា នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង២០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ៣ពាន់នាក់ដែរ ហើយនៅមានបន្តក្នុងថ្ងៃទី៤នេះទៀត»

លោកបានកត់សម្គាល់ថា ថ្ងៃដែលមានភ្ញៀវទេសចរច្រើន គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយភាគច្រើនគឺទៅលេងកម្សាន្តនៅតាមឆ្នេរ ប៉ុន្តែ៧០ទៅ៨០ភាគរយ គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះភ្ញៀវមកលេងវិលទៅវិញល្ងាចបាន។

លោកប្រធានមន្ទីរបានបន្តថា ទោះបីសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងក្រុងព្រះសីហនុមិនសូវត្រូវប៉ាន់ក៏ពិតមែន ប៉ុន្តែសេវាកម្មម្ហូបអាហារគឺលក់ដាច់យ៉ាងច្រើន ទាំងភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមឆ្នេរតូចតាចក៏លក់ដាច់ច្រើនណាស់ដែរ។

អ្វីដែលជាបញ្ហាចោទ គឺបញ្ហាសំរាមដែលមានការកើនឡើងនៅតាមឆ្នេរ ខណៈភ្ញៀវមួយចំនួនមិនទាន់ចូលរួមឱ្យបានល្អ។ លោកប្រធានមន្ទីរថ្លែងថា «សំរាមវាមានច្រើននៅតាមឆ្នេរ ភ្ញៀវទេសចរខ្លះគាត់មានម្ហូប បាយ កន្ទេល តង់របស់គាត់មកស្រេច អ៉ីចឹងគាត់ក្រាលញ៉ាំ អ្នកខ្លះញ៉ាំហើយអត់ប្រមូលទុកដាក់ទេ ដល់អ៉ីចឹងវាកើតបញ្ហាសំរាមច្រើន»។ លោកបានបន្តថា ចំពោះបញ្ហាសំរាម និងបរិស្ថាននេះ ក្រុមការងារមន្ទីរក៏មមាញឹកក្នុងការប្រមូលរៀងរាល់ថ្ងៃផងដែរ។

គួរបញ្ជាក់ថា​ ក្នុងរយៈពេល៣ថ្ងៃនៃឱកាសនេះដែរ ក៏មានជើងហោះហើរចុះចតនៅអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ក្នុង១ថ្ងៃ១ជើងផងដែរ ពោល៣ថ្ងៃគឺមាន៣ជើង ក្នុងនោះក៏បាននាំអ្នកដំណើរសរុបជាង១០០នាក់មកផងដែរ៕