(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺដើម្បីប្រយោជន៍សង្គមជាតិ ដូច្នេះទោះមានការឲ្យពានរង្វាន់ ឬមិនឲ្យពានរង្វាន់ពីស្ថាប័នណាមួយនោះ ក៏សហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្ដសកម្មភាពរបស់ដោយមិនរុញរាអ្វីឡើយ។

តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ពានរង្វាន់ផ្សេងៗដែលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលនាពេលកន្លងមក គឺមិនមែនសម្រាប់រូបលោកតែម្នាក់ឯងនោះទេ ពោលសម្រាប់សមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាទាំងមូល។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ទោះឲ្យពានរង្វាន់ ឬមិនឲ្យក៏ ស.ស.យ.ក. នៅតែបន្តបេសកកម្មរបស់ខ្លួន ព្រោះស.ស.យ.ក. មិនមែនធ្វើការងារដើម្បីពានរង្វាន់នោះទេ […] នេះហើយជាអ្វីដែលជាបេសកកម្មដែលត្រូវបន្ដ»

សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសមាជិក សមាជិការបស់ខ្លួនគ្រប់ស្រទាប់វណ្ណៈទាំងអស់នោះ បានបំពេញបេសកម្មជាច្រើន ដើម្បីផលប្រយោជន៍សង្គមជាតិ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែបើកឱកាសឲ្យយុវជនជំនាន់ក្រោយដើម្បីបានបញ្ចេញសមត្ថភាព នៅគ្រប់ទិដ្ឋភាពទាំងអស់៕