(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំជាតិដទៃទៀត។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ប្រឆាំងដាច់ខាត និងមិនអាចទទួលយកបានឡើយ នូវទង្វើបំពានច្បាប់ដ៏គឃ្លើន និងសម្តីដ៏អាក្រក់ជួជាតិអសីលធម៌ជាទីបំផុតរបស់បុគ្គលកញ្ជះបរិវារដាច់ថ្លៃរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់រូបនេះ ក៏ព្រោះតែអំពើដែលប្រព្រឹត្តដោយជនអគតិម្នាក់នេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ អំពើនេះក៏បានស្តែងចេញឲ្យឃើញពីចេតនាបង្កប់ដោយចរិតញុះញង់ បង្កវិទ្ធង្សនាដល់ស្ថិរភាពសង្គម សន្តិសុខនៃរដ្ឋ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ»

ក្រុមមេធាវីរាជរដ្ឋាភិបាល សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាមផ្លូវច្បាប់ផងដែរ៕