(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងប្រតិបត្តិការ និងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ លោក សុខ ពុទ្ធិវុធ និងសមាជិក សមាជិកានៃអង្គប្រជុំបានពិនិត្យមើលបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសម្លេង និងបន្ទប់បណ្តុះបណ្តាលនៅ EBC។ តាមរបាយការណ៍ EBC បាននឹងកំពុងផលិតមាតិកាអប់រំឌីជីថល អភិវឌ្ឍថ្នាលគ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំប្រកបដោយគុណភាព បានទូលំទូលាយដល់គ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។ EBC គឺជាគម្រោងរួមគ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដោយទទួលបានជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (MSIT) នៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយស្ថានីយផ្សព្វផ្សាយអប់រំកូរ៉េ (EBS)។

ក្នុងអង្គប្រជុំ លោក សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើត EBC ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ដែលបានពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល សំដៅអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលផ្សេងៗនៅកម្ពុជា។ បន្ថែមលើនេះ គម្រោងនេះក៏ជាសកម្មភាពអាទិភាពមួយក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ EBC បានផលិតវីដេអូមាតិកាអប់រំជាច្រើនប្រភេទបានចំនួន ៤.៩៥៤ភាគ ក្នុងនោះមានវីដេអូ បង្រៀនកម្មវិធីថ្នាក់ទី៧ ដល់ ថ្នាក់ទី១២ និងកំពុងអនុវត្តគម្រោងសាកល្បងសម្រាប់សិក្សាតាមអ៉ីនធឺណិតជាមួយវិទ្យាល័យ ហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ដែលមានសិស្សសរុបជាងប្រាំពាន់នាក់។ EBC បានរៀបចំបន្ទប់ចំនួនពីរ ដែលបំពាក់ដោយកុំព្យូទ័រយួរដៃ២៥គ្រឿង ថេបប្លេត ២៥គ្រឿង និងសម្ភារៈចាំបាច់មួយចំនួន ព្រមទំាង តម្លើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវាអ៉ីនធឺណិតគ្របដណ្តប់បរិវេណសាលាទំាងមូល។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងល្អិតល្អន់លោក សុខ ពុទ្ធិវុធ បានបូកសរុប និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃគម្រោង EBC ជាពិសេសលទ្ធផលនៃការដាក់ឱ្យសាកល្បងសម្រាប់សិក្សាតាមអ៉ីនធឺណិតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ព្រមទាំងសង្ឃឹមយ៉ាងមុតមាំ ទៅលើការពង្រីកគម្រោងនេះ ដល់សាលារៀនទូទាំងប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខ៕