(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីចុងឆ្នាំ២០២២ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រជុំដឹកនាំគណៈកម្មាធិការកណ្ដាល ដែលនៅក្នុងនោះបានអនុម័តនូវរបាយការណ៍ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ រួមទាំងការអនុម័តនូវរបាយការណ៍ចំណូលចំណាយឆ្នាំ២០២២ និងអនុម័តកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៣។

តាមរយៈកិច្ចសម្ភាសជាង៤០នាទី របស់លោកស្រី ម៉ែន នារីសោភ័គ ជាមួយបណ្ដាញព័ត៌មាន Fresh News បានឱ្យដឹងថា នៅឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា នៅតែជាស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅក្នុងប្រទេស ហើយក៏បានក្លាយជាសមាគមន៍ជាតិមួយដែលមានភាពម្ចាស់ការខ្ពស់ នៅក្នុងសកម្មភាពការងារ ជាពិសេសខាងផ្នែកមូលនិធិហេរិញ្ញវត្ថុ សម្រាប់សហប្រតិបត្ដិការសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់ថា «សម្រាប់ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យ «ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងកសាងភាពធន់សង្គមជាតិ»

ដូច្នេះដើម្បីជ្រាបច្បាស់ថា កាកបាទក្រហមកម្ពុជាបានសម្រេចនូវសមិទ្ធផលការងារអ្វីខ្លះក្នុងឆ្នំា២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្នុងការងារមនុស្សធម៌ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖