(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កម្ពុជា-ឡាវ បានឯកភាពគ្នាបើកអគ្គកុងស៊ុល នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តប៉ាក់សេ ប្រទេសឡាវ ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងពីរ។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
បានអញ្ជើញដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជាពោលគឺ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ ជាដំណើរទស្សនកិច្ច ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាពជាប្រពៃណី ដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា លោក ថងលូន ស៊ីសូលីត ចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា (២៧-២៨ មិថុនា ) លោក ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
លោក ថងលូន ស៊ីសូលីត ក៏នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ៕