(ភ្នំពេញ)៖ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញសាធារណៈការសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានខណ្ឌ ចុះធ្វើការស្ដារប្រព័ន្ធលូ តាមបណ្ដោយផ្លូវR2 កែងផ្លូវលេខ៧០ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតនៅភូមិ២០ និងភូមិ២៤ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា ខេមា បានឱ្យដឹងថា កន្លងមកនៅតាមបណ្ដោយផ្លូវលេខR2 កែងផ្លូវ៧០នេះ ដែលមានប្រវែង ១,២២៧ម៉ែត្រ មានការជនលិចទឹកដល់ភូមិ ផ្ទះរបស់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ពេលមានភ្លៀងធ្លាក់ម្ដងៗ។ ដូច្នេះ ប្រជាពលរដ្ឋមានការសំណូមពរមកអាជ្ញាធរខណ្ឌ ពេលនោះអាជ្ញាធរខណ្ឌបានចុះត្រួតពិនិត្យមើលដោយនៅតាមបណ្ដោយផ្លូវនេះមានប្រព័ន្ធលូត្រឹមត្រូវ ដោយមុខកាត់មួយម៉ែត្រ២តឹក ទៅមួយម៉ែត្រ ៥តឹក។ បន្ទាប់មកមន្ត្រីជំនាញបានបន្តត្រួតពិនិត្យឃើញថានៅមានអណ្តូងលូ និងក្នងបណ្តាញលូនីមួយៗមានការកកស្ទះទៅដោយសំរាម សំបកកំប៉ុង ថង់ប្លាស្ទិក ដី ជាដើម បង្កជាការកកស្ទះប្រព័ន្ធទឹកលែងហូរ។

លោកអភិបាលបានបន្តទៀតថា ធ្វើលើកនេះគឺធ្វើឱ្យស្អាត ធ្វើឱ្យអស់ ធ្វើឱ្យលែងមានការកកស្ទះបន្តទៀត ហើយការស្តារត្រូវធ្វើឱ្យស្អាតកុំធ្វើកិច្ចការនេះដដែលៗ បើធ្វើដដែលៗនាំឱ្យខាតបង់ថវិកា និងពេលវេលាព្រោះយើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើដើម្បីបម្រើប្រជាពលរដ្ឋមូលដ្ឋាន។

នាឱកាសនោះដែរ លោកអភិបាលខណ្ឌ បានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ៧០នេះ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានសង្កាត់ស្រះចក ផងដែរថា ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានូវឯកសារផ្សេងៗ មិនត្រូវទុកចោលព្រងើយនោះឡើយ។

លោកក៏សូមសំណូមពរដល់ប្រចាពលរដ្ឋទាំងអស់ជួយថែរក្សាអនាម័យ បរិស្ថាន កុំយកសំរាមទុកចោលនៅលើមាត់លូ ត្រូវវិចខ្ចប់ឱ្យបានបានត្រឹមត្រូវ សំរាមត្រូវចេញតាមពេលកំណត់របស់ក្រុមហ៊ុន ចៀសវាងការចេញសំរាមក្រៅម៉ោង ដែលអាចបង្កការកកស្ទះដល់មាត់លូពេលមេឃភ្លៀង។ លោកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ទាំង១១នឹងបន្តសហការចូលរួមដើម្បីមូលដ្ឋានយើងទាំងអស់គ្នា៕