(បន្ទាយមានជ័យ​)៖​ លោកឧត្តមសេនីយ៍ត្រី​​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២៣​នេះ បានជួបសំណេះសំណាលជាមួយលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងបាននាំយកអំណោយជាកុំព្យូទ័រ​ចំនួន១៥គ្រឿង ប្រគល់ជូនសាលាបឋមសិក្សាចំនួន១៥ ដែលខ្វះខាតុំព្យូទ័រ​សម្រាប់បម្រើការងារចាំបាច់ក្នុងសាលារៀន​។

អំណោយជាកុំព្យូទ័រនេះ ជាការឧបត្ថម្ភរបស់លោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​។

ការនាំយកអំណោយកុំព្យូទ័រផ្តល់ជូនសាលាចំនួន១៥នេះ​ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ឧត្តមសេនីយ៍ត្រី​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​, លោកឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ​ និងក្រុមការងារអមដំណេីរ​លោក​ ជូ​ បុត្រ​ អភិបាល​ស្រុកភ្នំស្រុក​ លោកមេឃុំទាំង០៦ សរុបជិត២០០នាក់​ ពិធីប្រគល់អំណោយនេះបានប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ​សាលាស្រុកភ្នំស្រុក។

​នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានថ្លែងថា ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ​ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស​ ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស​ ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ​ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ​ បណ្តុះបណ្តាល​ធនធានមនុស្ស​។

មេបញ្ជាការរូបនេះ បាន​​បញ្ជាក់​ថា​ ជាការពិត​លោកគ្រូ-អ្នកគ្រូ​ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត​ ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស​ ដោយមិនខ្លាចនឿយហត់​ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា​ មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ​ វិស័យអប់រំ​ ក៏មិនអាចមានរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ​ ជាវិស័យអាទិភាពទីមួយ​ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់​ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ វិស័យអប់រំបានរីកចម្រេីនយ៉ាងខ្លាំង​ សម្តេច​បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង​ ប្រជុំជន​ ឬទីជនបទឡេីយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ។

នាឱកាសនោះ​ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហេីយនោះ​ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ​។

ទន្ទឹមជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាននាំយក​ ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥​,​ បាល់ទះ ១០គ្រាប់,​ បាល់ទាត់ ២០គ្រាប់,​ សំណាញ់បាល់ ៦ឈុត,​ ស្រោមដៃកីឡា​ ១២គូរ,​ លោកគ្រូអ្នកគ្រូ​ អាជ្ញាធរ​មូលដ្ឋាន​សរុប១៧៥នាក់​ ក្នុងម្នាក់ទទួល​សារ៉ុង។

សូមបញ្ជាក់ផងដែរថា​ ទូទាំងស្រុក​ភ្នំស្រុក មានសាលារៀនសរុបចំនួន​ ៥៣សាលា​ ក្នុងនោះ​មានវិទ្យា​ល័យ​ចំនួន៣,​ អនុវិទ្យាល័យ​ចំនួន៤,​ បឋមសិក្សា​ចំនួន៤២សាលា,​ មត្តេយ្យចំនួន២សាលា។ ការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះ គឺជាលេីកទី២ហេីយ​ លេីកទី១​ ផ្តល់ជូនសាលាចំនួន​១៥​,​ ហេីយលេីកទី២នេះ​ ផ្តល់ជូនចំនួន១៥សាលាបន្ថែមទៀត៕