(កូរ៉េ)៖ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ជាឧបការីជាន់ខ្ពស់តំណាងគណៈសង្ឃនាយយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តដឹកនាំកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា និងពិធីគោរពគុណមាតាបិតា ដល់បងប្អូនពុទ្ធបរិស័ទខ្មែរ នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង។

ក្នុងពិធីប្រកបដោយអត្ថន័យដ៏មានសារៈសំខាន់នេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះតេជគុណ ជីណូ ប្រធានមជ្ឈមណ្ឌលពុទ្ធសាសនាកូរ៉េ ប្រចាំទីក្រុងគូមី, ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភក្រ្ក័ ប្រធានសមាគមវត្តខ្មែរ គូមី នៃសាធារណៈដ្ឋកូរ៉េខាងត្បូង, លោក ភេ លីឃាង ប្រធានលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក តូយ ណារិទ្ធ តំណាងអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េខាងត្បូង។

ពិធីនេះបានប្រាព្ធធ្វើឡើងដើម្បីឱ្យបងប្អូនខ្មែរនៅទីនោះបានឱកាសសម្តែងអំពីការគោរព នឹកដល់មាតាបិតា បងប្អូនញាតិមិត្រ ក្រុមគ្រួសារ ក៏ដូចជាការបានស្តាប់នូវព្រះសធម្ម ដើម្បីបានជានាវាឆ្ពោះទៅរកការបដិបត្តិខ្លួនឱ្យក្លាយទៅជា កូនល្អ ពលរដ្ឋ សិស្សល្អ ពុទ្ធបរិស័ទល្អ និងមិត្តល្អ។

គួរឱ្យដឹងថា ពិធីនេះរៀបចំដោយមជ្ឈមណ្ឌលពុទ្ធសាសនាកូរ៉េ ប្រចាំទីក្រុងគូមី រយៈពេលនៅថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស៕