(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ ដែលជាប់និទ្ទេស A ចំនួន៤នាក់ នៅក្នុងខេត្តរតនគិរី ព្រមទាំងអាណាព្យាបាលសិស្ស និងលោកនាយកសាលា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដល់សិស្សជាប់និទ្ទេស A ទាំង៤នាក់ ក្នុងម្នាក់១គ្រឿង ព្រមទាំងថវិកា៣០មុឺនរៀល ដើម្បីជាការលើកទឹកចិត្តដែលខិតខំប្រឹងប្រែង ក្នុងការសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេស A ថែមទៀត ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តរតនគិរីទាំងមូល។

លោកអភិបាលខេត្ត បានថ្លែងថា សុខសន្តិភាព គឺជាកត្តាចម្បង ដែលធ្វើឲ្យសិស្សានុសិស្សរបស់យើង មានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែ ដែលប្រឡងជាប់និទ្ទេសល្អពេលនេះ។ លោកបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបម្រុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនាថ្ងៃនេះ។

សូមរំលឹកថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី៥-៦ ឆ្នាំ២០២២កន្លងមក ជាលទ្ធផលខេត្តរតនគិរី ចំនួនបេក្ខជនប្រឡងជាប់១,១៥៤នាក់ ស្រី៦២៧នាក់។ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន៤នាក់ ស្រី២នាក់, B ចំនួន៤១នាក់ ស្រី២៤នាក់, C ចំនួន១៩២នាក់ ស្រី១១០នាក់, D ចំនួន៤៤៨នាក់ ស្រី២៦៥នាក់, និងនិទ្ទេស E ចំនួន៤៦៩នាក់ ស្រី២២៦នាក់៕