(សាំងហ្គាពួរ)៖ យន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បានឆេះនៅព្រឹកថ្ងៃចន្ទនេះ ខណៈពេល ធ្វើការចុះចតជាបន្ទាន់មួយ នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកដំណើររងរបួសឡើយ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៧ ខែមិថុនា។
យន្តហោះ Singapore Airlines ជើងហោះហើរ Flight SQ368 បានចេញដំណើរពីអាកាសយានដ្ឋាន Changi Airport ប្រទេសសិង្ហបុរី ទៅកាន់ទីក្រុង Milan ប្រទេសអ៉ីតាលី នៅម៉ោង ២៖០៥នាទី ព្រឹកថ្ងៃចន្ទ។ ក្រោយពីហោះហើរ បានប៉ុន្មានម៉ោង ជើងហោះហើរមួយនេះ បានត្រឡប់ក្រោយវិញ ដោយបានរាយការណ៍មកថា មានការលេចធ្លាយប្រេងម៉ាស៊ីននៅស្លាបខាងស្ដាំ។
យន្តហោះបានចុះចតនៅ អាកាសយានដ្ឋាន Changi Airport វិញនៅម៉ោង ៦៖៥០នាទីព្រឹក ជាមួយនឹងអ្នកដំណើរ ២២២នាក់ សហនាវិក ១៩នាក់ ហើយជាសំណាងល្អ ដែលមិនមាននរណាម្នាក់រងគ្រោះថ្នាក់៕