(ព្រះសីហនុ)៖ រថយន្ដ Camry មួយគ្រឿងបានបើករេចង្កូតបុករបាំងទ្រូងផ្លូវ លើផ្លូវល្បឿនលឿន បណ្ដាលឲ្យរងការខូចខាតទាំងរបាំង និងរថយន្ដ ដោយសារតែការប្រើប្រាស់ផ្លូវលើសល្បឿនកំណត់។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

របាយការណ៍របស់សមត្ថកិច្ចប្រចាំការនៅគោលដៅផ្លូវល្បឿនលឿន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រថយន្ដម៉ាក Cmary ឆ្នាំ២០០៧ ពណ៌ស នេះមានអ្នករួមដំណើរចំនួន៥នាក់ ជាជនជាតិខ្មែរ ក្នុងទិសដៅភ្នំពេញ-ព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរ៉េចង្កូតទៅបុករបាំងផ្លូវតែម្ដង។ គ្រោះថ្នាក់នេះ គឺដោយសារការបើកបរលើល្បឿន ហើយបាត់បង់ភាពម្ចាស់ការ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែខូចខាតរថយន្ដតែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចបានស្ទូយយកទៅរក្សាទុកនៅបញ្ជរបង់ប្រាក់កំពង់សីលា ដើម្បីរង់ចាំការដោះស្រាយ៕