(ស្ទឹងត្រែង)៖ អគារសិក្សាចំនួនមួយខ្នង មាន៣បន្ទប់ ក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

បន្ទាប់ពីលោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង បានធ្វើស្វាគមន៍ក្នុងអង្គពិធីរួចមក លោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង បានលើកឡើងថា អង្គការភ្លែនអន្តរជាតិ កម្ពុជា គឺជាអង្គការអភិវឌ្ឍមួយដែលផ្តោតសំខាន់លើកុមារ ហើយទុកកុមារជាបេះដូង ដែលយើងធ្វើអ្វីៗគ្រប់យ៉ាង គឺដើម្បីឧត្តមប្រយោជន៍របស់ពួកគាត់។ គ្រប់គម្រោងកម្មវិធីរបស់អង្គការភ្លែន គឺមានគោលបំណងធ្វើឲ្យមានការប្រសើរឡើងនូវការរស់រានមាន ជីវិត ការការពារ ការអភិវឌ្ឍ និងការចូលរួមរបស់កុមារ។

ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងនោះដែរ លោកក៏បានចាត់ទុកសកម្មភាពមនុស្សធម៌របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

លោក ស្វាយ សំអ៊ាង ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែងផងដែរ៕