(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ប្រគល់ខ្នងផ្ទះទី២៤២ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍។

អតីតយុទ្ធជនដែលចូលនិវត្តន៍ ឈ្មោះ មាស យង់ អាយុ៧២ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិ កាត់រំសាយចេញពីជួរកងទ័ពនៅក្នុងអំឡុងឆ្នាំ១៩៩២។ បច្ចុប្បន្នរស់នៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក មាស យង់ បានបញ្ជាក់ថា គាត់មានភរិយា និងកូននៅក្នុងបន្ទុកចំនួន៩នាក់ សព្វថ្ងៃប្រកបមុខរបរធ្វើស្រែ និងដាំដំណាំបន្លែបង្ការបន្តិចបន្តួច សម្រាប់ដោះស្រាយជីវភាពក្នុងក្រុមគ្រួសារ។

ដោយអនុវត្តតាមបទបញ្ជាទេសរដ្ឋមន្ដ្រី គន់ គីម គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះជូនគាត់នៅពេលនេះ ជាខ្នងផ្ទះទី២៤២ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាន និងសង្គមជាតិយើងនឹងត្រូវអញ្ជើញទៅពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំសង្កាត់នីមួយៗ ដើម្បីមានឈ្មោះត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករ ចំនួន៥០គីឡូក្រាម, មី ចំនួន២កេស, ត្រីខ ចំនួន១យួរ, ទឹកត្រី ចំនួន១យួរ, ទឹកបរិសុទ្ធ ចំនួន២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកា មួយចំនួនផងដែរ៕