(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយប្រមាថចំពោះថ្នាក់ដឹកនាំកម្ពុជា។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់ ការគ្រងឯកសណ្ឋានយោធាដោយខុសច្បាប់ ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន»

អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាមផ្លូវច្បាប់ផងដែរ។

ក្រសួងការពារជាតិ ប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ៕