(ក្រិច)៖ បើនិយាយដោយភាពស្មោះត្រង់ ប្រទេសក្រិចមានមូលហេតុច្រើនជាងចក្រភពអង់គ្លេស ក្នុងការខឹងសម្បារជាមួយសហភាពអឺរ៉ុប (EU) ហើយក៏មានហេតុផលសមរម្យជាច្រើន ក្នុងការដើរេចេញពីសហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
ទាំងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសក្រិច មានអារម្មណ៍មួម៉ៅ ទៅជាលើវិធានការរឹតត្បិតដ៏អាក្រក់ ដែលកំណត់ដោយ EU និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) មកលើប្រទេសក្រិច។ លក្ខខណ្ឌថវិកាផ្សេង ដែល EU និង IMF បានកំណត់ បាននាំឲ្យប្រទេសក្រិច ជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ នៅក្នុងឆ្នាំនេះ បើទោះបីជាលក្ខខណ្ឌទាំងនោះ បានជួយកាត់បន្ថយបន្ទុកបំណុល របស់ប្រទេសក្រិចក្ដី។
អ្វីដែលក្រិចត្រូវប្រឈមមុខធំជាងគេ ក្នុងនាមជាសមាជិក EU នោះគឺការទទួលយកជនភៀសខ្លួន ដោយក្នុងនោ ក្រិចជាប្រទេសនៅជួរមុខគេ ក្នុងការទទួលយកជនភៀសខ្លួន ដោយត្រឹមរយៈពេល១៨ខែ មានជនភៀសខ្លួនច្រើនជាង ១លាននាក់ ត្រូវបានផ្ដល់ជម្រកដោយរដ្ឋាភិបាលក្រិច ហើយនេះគឺជាបន្ទុកមួយដ៏ធ្ងន់ធ្ងរបំផុត។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថា ក្រិចមានហេតុផលច្រើនជាង UK រហូតដល់ ៧១ភាគរយ ក្នុងការចាកចេញពី EU ហើយបើតាមការស្រាវជ្រាវរបស់ Pew ក៏បានបង្ហាញឲ្យដឹងផងដែរថា មានច្រើនជាង៩០ភាគរយ មិនចេញចិត្តចំពោះវិធី ដែលសហភាពអឺរ៉ុប ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងវិបត្តិចំណាកស្រុក៕