(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែត តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភដល់មន្ត្រីជួបការលំបាកគ្រប់ៗគ្នា។

ជាក់ស្ដែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ លោកបានចាត់បញ្ជូនលោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងប៉ុស្តិ៍ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែក ដែលបានលំហែមាតុភាព កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ និងកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានសុខភាពល្អប្រសើរ។

ក្នុងការចុះសួរសុខទុក្ខនេះ លោកនាយរងប៉ុស្តិ៍ បាននាំយកនូវថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ ជូនដល់លោកស្រីរួមមាន ថវិកាចំនួន ២,០០០,០០០រៀល, ទឹកដោះគោឆៅ ១កេសធំ, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, ត្រីខ ១កេសធំ, មី ១កេសធំ, ទឹកត្រី ៥យួរ និងទឹកស៊ីអុីវ ៥យួរ៕