(ភ្នំពេញ)៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៣ ឆ្នាំទន្សាយ យើងឃើញប្រជាជនចិនរស់នៅជុំវិញពិភពលោក ក៏ដូចជាប្រជាពលខ្មែរជាប់ខ្សែស្រទ្បាយចិន បានប្រារព្វពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ប្រកបដោយសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង។
តើពិធីចូលឆ្នាំចិន ឆ្នាំទន្សាយស្ថិតក្នុងប្រព័ន្ធជំនឿយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៣ ឆ្នាំទន្សាយ ដែលជានិមិត្ដរូបសត្វមួយក្នុងចំណោមសត្វទាំង១២ នៅឆ្នាំនីមួយៗទៅតាមវដ្ដរាសីចក្រហោរាសាស្រ្ដចិននេះ បើពោលអំពីប្រព័ន្ធជំនឿចិន សត្វទន្សាយជានិមិត្តរូបនៃសំណាងល្អប្រកបដោយថាមពលវិចារណញាណវិជ្ជមាន នៃភាពអត់ធ្មត់ ទន់ភ្លន់ ក្នុងផ្លូវសន្តិភាព។
ព្រោះក្នុងប្រព័ន្ធជំនឿចិន សត្វទន្សាយត្រូវបានផ្សារភ្ជាប់ទៅនឹងព្រះច័ន្ទ យោងទៅតាមរឿងព្រេងចិនបុរាណស្ដីអំពីអធិរាជ Jade ដែលបានក្លែងខ្លួនធ្វើជាព្រាហ្មណ៍អ្នកសុំទានចាស់ដោយការស្រេកឃ្លាន ហើយទន្សាយបានថ្វាយខ្លួនជាអាហារដោយលោតចូលក្នុងភ្លើង ហើយបានធ្វើឲ្យអធិរាជJade យកទន្សាយទៅឋានព្រះច័ន្ទ ដោយប្រើបាយអបិទជាប់នឹងព្រះច័ន្ទ ដើម្បីទុកជានិមិត្ដរូបនៃការមានអាយុវែងនិងពន្លឺនៃបញ្ញាញាណ ដោយមិនខុសពីក្នុងប្រព័ន្ធជំនឿខ្មែរ ស្ដីអំពីសសបណ្ឌិត «កំណើតជាទន្សាយពោធិសត្វ» នោះទេ។
លោក រត្ន័ សណ្ដាប់ បន្ដថាហេតុនេះក្នុងប្រព័ន្ធជំនឿចិន ទន្សាយ ត្រូវបានគេចាត់ទុកថា ជាសត្វមានវិញ្ញាណទន់ភ្លន់ប្រកបដោយថាមពលបញ្ញាញាណ ជាសត្វរង់ចាំឱកាសដោយភាពអត់ធ្មត់ និងយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិត ព្រោះទន្សាយអាចធ្វើចលនាដោយល្បឿនលឿន និងរហ័សរហួន។
ស្ថិតក្នុងន័យនេះបើពោលទន្សាយក្នុងតថភាពសង្គមវិញ ទន្សាយជាសត្វមានការទាក់ទាញសម្រាប់មនុស្សម្នាទូទៅលើពិភពលោក ដោយភាពកក់ក្ដៅដ៏គួរឲ្យស្រទ្បាញ់ និងសុជីវធម៌របស់វាធ្វើឲ្យគេមានការចាប់អារម្មណ៍ល្អ ។ ទន្ទឹមនឹងនេះវាក៏ជាសត្វស្ទាក់ស្ទើរក្នុងការបើកចិត្តទូលាយជាមួយនឹងអារម្មណ៍ពិតរបស់វាផងដែរ ព្រោះទន្សាយជាសត្វចូលចិត្តគេចចេញពីរឿងរ៉ាវបញ្ហាផ្សេងៗ ដើម្បីរក្សាភាពស្ងាប់សុខនិងសន្ដិភាព។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើពោលអំពីប្រព័ន្ធជំនឿចិន ក្នុងប្រពៃណីតុបតែងផ្ទះសម្បែង និងសម្លៀកបំពាក់តុបតែងខ្លួនផ្សេងៗជាដើមវិញ គឺការតុបតែងនិងការស្លៀកពាក់គ្រឿងលម្អ ជាពណ៌ក្រហម ឬត្បូងពេជ្រអាចជួយការពារពីសំណាងអាក្រក់ផ្សេងៗ ព្រោះដើម្បីឲ្យមានហុងស៊ុយល្អក្នុងផ្ទះសម្បែងដែលអាចជួយរក្សាបរិយាកាសសន្តិភាព ពិសេសសម្រាប់ឆ្នាំទន្សាយ ដែលមានទំនោរចូលចិត្តពណ៌ក្រហម ពណ៌ផ្កាឈូក នឹងត្បូងមរកត។
ដូច្នេះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនចំពោះ «ការជូនពរ» ជាការបង្ហាញអំពីការគោរពស្រទ្បាញ់គ្នាទៅវិញទៅមក សម្រាប់ប្រជាជននិយាយភាសាកុកងឺ គឺត្រូវនិយាយថា «សិរីសួស្តីឆ្នាំថ្មី!»៕