(រតនគិរី)៖ លោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបានលុង ចំនួន២រូប និងនាយករដ្ឋបាលសាលាក្រុង បន្ថែមលើរចនាសម្ព័ន្ធចាស់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលាក្រុងបានលុង ដោយបានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពមួយចំនួន, កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងគណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៤ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងមន្ត្រីរាជការ ចំនួន២រូប ក្នុងនោះមានលោកស្រី សៅ បុប្ផា និងលោក កៃ សុវិន ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងក្រុងបានលុង និងតែងតាំងលោក ឌឹម សំអឿន ឋានន្តរស័ក្តិលេខាធិការរដ្ឋបាលថ្នាក់លេខ៦ ជានាយករដ្ឋបាលសាលាក្រុងបានលុង។

ថ្លែងក្នុងឱកាសនោះ លោក ឌុច ចាន់តូ បានណែនាំដល់លោក លោកស្រី ដែលទើបទទួលតំណែងថ្មី ជាអភិបាលរងក្រុង និងនាយករដ្ឋបាលសាលាក្រុង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ។

លោកបានស្នើខិតខំធ្វើការងារ ដោយសហការ និងពង្រឹង សាមគ្គីភាព បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំង៣។ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ពួកគាត់នៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឲ្យក្រុងបានលុង ខេត្តរតនគិរី មានការរីកចម្រើនលូតលាស់បានល្អប្រសើរ និងជំរុញប្រជាពលរដ្ឋទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា៕