(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាក្រែក រួមនឹងក្រុមការងារជាច្រើននាក់ទៀត បានចូលរួម ក្នុងពិធីអបអរសាទរខួបលើកទី៦៥ថ្ងៃ បង្កើតគណបក្សប្រជាជនបក្សកម្ពុជា (១៩៥១-២០១៦) ពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោក វង សូត បានឲ្យដឹងថា ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការដើរ តាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយជម្រុញ ការអភិវឌ្ឍន៍ ឥតឈប់ឈរនោះ សមិទ្ធផលនានា នៅតាមមូលដ្ឋានជាច្រើន បានកំពុងកើតចេញជាបណ្តើរៗ មិនថានៅតាមមូលដ្ឋាន ឬតំបន់ដាច់ស្រយ៉ាលនោះឡើយ។
ប្រធានក្រុមការងារបានលើកឡើងទៀតថា ជាក់ស្តែងសមិទ្ធផល ដែលបានកើតឡើងនៅក្នុងថ្ងៃនេះ បានចំណាយថវិការអស់ជាច្រើន គឺបានកើតឡើង ដោយការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមន្រ្តីឬអាជ្ញាធរ នៅតាមមូលដ្ឋាន មានកន្លែងធ្វើការងារសមរម្យ ក្នុងការផ្តល់បម្រើសេវា នៅតាមមូលដ្ឋានឲ្យបានយ៉ាងឆាប់រហ័ស ដើម្បីជម្រុញពិនិត្យមើល លើចំណុចខ្វះខាត ឲ្យបានគ្រប់ជ្រុងជ្រោយ សំដៅជម្រុញរួមគ្នាដោះស្រាយរាល់បញ្ហាកើតឡើងទាំងនោះ ឲ្យបានទាន់ពេលវេលា ដើម្បីបង្កើនការជឿជាក់ កាន់តែខ្លាំងខ្លាចំពោះប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន។
លោក ឡុង ធាម ប្រធានគណៈកម្មការបក្សស្រុកពញាក្រែក បានឲ្យដឹងថា ដោយមានការជ្រោមជ្រែងពីក្រុមការងារចុះជួយ ខេត្ត-ស្រុក-ឃុំ គណបក្សប្រជាជនឃុំកោងកាង បានទទួលជ័យជំនះ ឈ្នះការបោះឆ្នោត នឹងមានសំឡេង សមាជិកកើនឡើងជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង នៅក្នុងពេលនេះ នៅទីស្នាក់ការគណបក្សឃុំ ប្រកាសទទួលស្គាល់សមាជិកថ្មី ចំនួន៣០០នាក់ទៀត គឺជាសកម្មជន ដែលកន្លងមកធ្លាប់បាន គ្រាំទ្រគណបក្សប្រជាជនកម្ពុជា និងការធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាធ្វើការងារគណបក្ស នៅក្នុងមូលដ្ឋានឃុំកោងកាងផងដេរ។
លោកសង្ឃឹមថា ក្រោយពីសមិទ្ធផលទីស្នាក់ការបក្សនេះ បានលេចចេញ ជារូបរាងឡើងមកទៀតនោះ គឺជាការបង្ហាញនូវឆន្ទៈដ៏ធំធេងដែលកើតឡើង នៅតាមមូលដ្ឋាន ចាត់ទុកជាសមិទ្ធផល ដែលមានសារៈសំខាន់ និងជាឧត្តមប្រយោជន៍ក្នុងការបំពេញការងារ ក្នុងទិសដៅជម្រុញ ការដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត បន្តបន្ទាប់ពេលខាងមុខ៕