(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចេណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស) រងរបួសធ្ងន់៥នាក់ (ប្រុស) និងរបួសស្រាល៧នាក់ (ស្រី៣នាក់)។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក, ប្រជែង៣លើក (ស្លាប់២នាក់) , បត់គ្រោះថ្នាក់១លើក , មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), ងងុយដេក១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ (យប់៦នាក់)។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៤៩៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៩៦៧គ្រឿង និងពិន័យសរុប១,៥២៨គ្រឿង៕