(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់អាណាព្យាបាលសិស្សត្រូវបង្កើនការយកចិត្តទុកដាក់ការសិក្សារបស់បុត្រធីតារបស់ខ្លួន ដែលជាទំពាំងស្នងឫស្សីរបស់គ្រួសារ សង្គម និងអនាគតប្រទេសជាតិ។

លោកអភិបាលស្រុកស្ទោងអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង ចុះចែកភួយចំនួន១,០០០ភួយដល់កុមារចំនួន១,០០០នាក់ នៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅពីថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០២២ ដែលជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជា។

ជាមួយនេះ លោក សាយ គឹមឡម ក៏ណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវមានម្ចាស់ការក្នុងការសក្សា និងស្រាវជ្រាវ ដើម្បីខ្លួនឯងទទួលបាននូវចំនេះដឹងពិតប្រាកដ ជាធនធានមនុស្សមនុស្សប្រកបដោយគុណតម្លៃ ដែលជាយានជំរុញឲ្យពួកគេមានអនាគតត្រចះត្រចង់ ក៏ដូចជាប្រទេសជាតិមានការរីកចម្រើន។

លោកអភិបាលស្រុកស្ទោងបានឱ្យរដ្ឋបាលឃុំគ្រប់ឃុំត្រូវសហការត្រូវធ្វើផែនការឲ្យបានត្រឹមត្រូវជាមួយនាយកសាលារៀន និងប្រធានមណ្ឌលសុខភាព ដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅតាមសាលារៀនផ្ទាល់តែម្តង៕