(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ បានជំរុញឲ្យមន្ត្រីនៅក្នុងមូលដ្ឋានត្រូវបង្កើនសមត្ថភាពឲ្យបានខ្លាំងក្លា ធ្វើអំពើល្អបន្ថែមទៀត ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវផ្តល់សេវាសាធារណតាមសំណូមពរឲ្យបានឆាប់រហ័ស។

លោកស្រី ឃួន ឃុនឌី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុនការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

លោកស្រីបានបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយា រួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។

លោកស្រីបញ្ជាក់ថា មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ក្នុងការបំពេញការងារមានព្រហ្មវិហារធម៌ទាំង៤នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុច គឺដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

ម៉្យាងវិញទៀត ត្រូវចុលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀននិងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល៕