(ភ្នំពេញ)៖ គម្រោងទីក្រុងអូឡាំព្យាប្រារព្ធពិធី «ក្លាយជាម្ចាស់ផ្ទះ ក្លាយជាម្ចាស់រង្វាន់» ដល់អតិថិជនថ្មី និងចាស់ទាំងអស់ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ដែលមានរយៈពេល៣ខែ ហើយត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលមានការចូលរួមពីអតិថិជន ជាច្រើនរូបផងដែរ។
កម្មវិធីនេះផ្ដល់ជូនអតិថិជនទាំងអស់ ដែលបានទិញ Condo Office Soho ហើយទទួលបានការបញ្ជុះតម្លៃរហូតដល់៨%ភ្លាមៗ រួមជាមួយសន្លឹកឆ្នោតផ្សងសំណាងជាច្រើនសន្លឹកផងដែរ។ ចំពោះអតិថិជនដែរទទួលបានរង្វាន់នាឱកាសនេះ រួមមាន រថយន្ដ Mazada3 ឆ្នាំ២០១៦ ១គ្រឿង បានទៅលើឈ្មោះ ឡេង លីណា ភេទស្រី ប្រាក់៣០០០ដុល្លារ ១រង្វាន់ បានទៅលើឈ្មោះ ពុង សុខាយ ភេទប្រុស iPad Pro ១គ្រឿង បានទៅលើឈ្មោះ ហេង វណ្ណា ភេទស្រី កុំព្យូទ័រ Macbook ១គ្រឿងបានទៅលើឈ្មោះ ង៉ូវ កេង ភេទស្រី និងរង្វាន់iPhone6s ១គ្រឿងបានទៅលើឈ្មោះ Chen Chao Xiang ភេទប្រុស។
លោក ឈុន ស៊ុនហួត ប្រធានផ្នែកលក់ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា បានថ្លែងថា គម្រោងអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា ដែលមានទីតាំងស្ថិតនៅភាគខាងជើង ឈៀងខាងកើត នៃពហុកីឡាដ្ឋានជាតិអូឡាំពិក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ព្រោះថា គម្រោងនេះស្ថិតនៅចំណុចកណ្ដាល រាជធានីភ្នំពេញ ដែលជាកន្លែងបណ្ដុំទៅដោយ សកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មចម្រុះ។ គម្រោងនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងអំឡុងឆ្នាំ២០១៣ ដោយក្រុមហ៊ុន វិនិយោគទុន អណិកជនកម្ពុជា ដែរក្នុងនោះមាន អាគារខុនដូ អគាការិយាល័យ អគារពាណិជ្ជកម្ម អគារផ្សារទំនើប សណ្ឋាគារ និងអគារទំនើបផ្សេងៗទៀតជាច្រើន។
លោកបន្ថែមថា គម្រោងទីក្រុងអូឡាំព្យា មានអគារខុនដូខ្ពស់ៗ ចំនួន៤ដែលកំពុងត្រូវបានសាងសង់ ជិតរួចរាល់ និងត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិ ឱ្យចូលកាន់កាប់ និងស្នាក់នៅក្នុងឆ្នាំ២០១៦នេះ សម្រាប់ដំណាក់កាលទី១ និងទី២។ លោកបន្ដថា អគារទាំង៤នេះ មានដូចជា C1 C2 C3 និងC4 ហើយអគារនីមួយៗមានកម្ពស់២០ជាន់ និងមានផ្ទះប្រភេទ Shop House ចាប់ពីជាន់ផ្ទាល់ដីដល់ជាន់ទី៤ ព្រមទាំងមានចំណត់រថយន្ដក្រោមដី២ជាន់ ដែលអាចផ្ទុករថយន្ដបានរហូតដល់ជាង៣០០០គ្រឿង ហើយអគារទាំងនេះក៏មានបំពាក់ប្រព័ន្ធទ្វារចេញចូលសុវត្ថិភាព ប្រព័ន្ធកាំមេរ៉ាគ្រប់ជាន់ ការរចនាឡើងនូវអាងហែលទឹកដ៏ធំទូលាយ កន្លែងហាត់ប្រាណ បន្ទប់ស្ទឹម កន្លែងក្មេងលេង និងកន្លែងកំសាន្ដជាច្រើនផ្សេងទៀត។
ជាចុងក្រោយលោក ឈុន ស៊ុនហួត បានបញ្ជាក់ថា អគារខុនដូទាំង៤ក្នុងគម្រោងនេះ ត្រូវបានលក់ចេញអស់៩០%ហើយ ក៏ប៉ុន្ដែដើម្បីឆ្លងតមតាមតម្រូវការ របស់អតិថិជន គម្រោងទីក្រុងអូឡាំព្យា ក៏បានពង្រឹកអគារការិយាល័យ The Fortune Tower (Office and Soho) បន្ថែមទៀត ដែលមានកម្ពស់២៥ជាន់ និងបានបើកលក់ជាផ្លូវការហើយនាពេលនេះ៕