(ភ្នំពេញ)៖ ជ្រូកខ្វៃ និងផ្កាអង្គារសីល្ប៍ ដែលចាំបាច់សម្រាប់ពិធីសែនព្រេន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន របស់បងប្អូនប្រជាជនចិន ក៏ដូចជាបងប្អូនខ្មែរជាប់សែស្រឡាយចិន នៅឆ្នាំនេះក្រុមអាជីវករអះអាងថា លក់ដាច់ជាងឆ្នាំមុន។

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃសែនចូលឆ្នាំ ឯថ្ងៃទី២២, ២៣ និង២៤ ខែមករា ឆ្នាំ២០២៣ជាថ្ងៃចូលឆ្នាំ។

សម្រាប់ឆ្នាំនេះ បងប្អូនអាជីវករបានបង្ហាញស្នាមញញឹម ព្រោះលក់ជ្រូកខ្វៃបានច្រើន ចំណែកការលក់ផ្កាអង្គាសីល្ប៍វិញ ក៏លក់ដាច់ផងដែរ ដោយសារអតិថិជនមានតម្រូវការច្រើនជាងរាល់ឆ្នាំ គួបផ្សំស្ថានភាពកូវីដ១៩ បានធូរស្បើយ។

លោកស្រី ហ៊ុន ហួយ អាជីវករលក់ផ្កាអង្គាសីល្ប៍នៅម្តុំផ្សារដីហុយនិយាយថា នៅឆ្នាំនេះ លោកស្រីទទួលទិញផ្កាអង្គារសីល្ប៍មកលក់បន្ដ មានបរិមាណតិចជាងរាល់ឆ្នាំ ប៉ុន្ដែចំពោះកំណើនលក់វិញ កើនឡើងជាងបណ្ដាឆ្នាំមុនៗ ដោយសារតែប្រជាពលរដ្ឋ ចាប់ផ្ដើមងាកមកតាំងលម្អ ដើមផ្កាអង្គារសីល្ប៍ស្រស់វិញ ខុសពីឆ្នាំមុន ពុំសូវមានការតាំងលម្អផ្កាអង្គាសីល្ប៍ស្រស់នោះទេ ភាគច្រើនតែប្រើប្រាស់ផ្កាថូ ឬតាំងលម្អអ្វីផ្សេងៗ តាមជំនឿនីមួយៗ។

លោកស្រីបានបន្ដថា «ដល់ថ្ងៃចូលឆ្នាំប្រពៃណីចិន ផ្កាអង្គារសីល្ប៍នេះលក់ដាច់គ្មានសល់ទេ ដោយសារតែតម្រូវការអតិថិជនមានច្រើនជាងឆ្នាំមុន ណាមួយតម្លៃផ្កាក៏មិនសូវជាឡើងថ្លៃប៉ុន្មានដែរ»

លោក ញែប វុទ្ធី អាជីវករលក់ផ្កាអង្គាសីល្ប៍បាននិយាយថា ឆ្នាំនេះបានទទួលទិញផ្កាអង្គារសីល្ប៍ មកលក់បន្ដនៅភ្នំពេញជាង ១០០បាច់។ ឆ្នាំនេះលក់ដាច់ជាងបណ្ដាឆ្នាំកន្លងទៅ មកដល់ថ្ងៃនេះផ្កាអង្គារសីល្ប៍ លក់បានជាង៧០ភាគរយហើយ ដូច្នេះទម្រាំដល់ថ្ងៃចូលឆ្នាំប្រពៃណីចិន ផ្កាអង្គារសីល្ប៍នឹងលក់អស់»។

លោកបានបន្ដថា ចំពោះតម្លៃផ្កាក្នុងឆ្នាំនេះ ក៏មិនចោទជាបញ្ហាសម្រាប់អតិថិជននោះទេ តម្លៃខុសគ្នាបន្ដិចបន្ដួច អតិថិជនអាចទទួលយកបាន ហើយឆ្នាំនេះមានអតិថិជនច្រើនជាងឆ្នាំមុនមកជាវផ្កា ដោយសារតែឆ្នាំនេះជំងឺកូវីដ១៩ បានធូរស្បើយ ប្រជាពលរដ្ឋចាប់ផ្ដើមដើរច្រើនជាងឆ្នាំមុន បូករួមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរផងដែរ។

ងាកទៅមើលអាជីវករលក់ជ្រូកខ្វៃវិញ ក្នុងឆ្នាំនេះក៏មិនខុសពីអាជីវករលក់ផ្កាអង្គារសីល្ប៍ទេ គឺការលក់ដូរមានកំណើនខ្ពស់ លក់ដាច់ជាបណ្ដាឆ្នាំទៅមិញ។

លោកស្រី អាន ស៊ីម៉ុណ្ណា ម្ចាស់ហាងកសិករបុរាណ មានទីតាំងក្នុងបុរីវិមានភ្នំពេញ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ ការកុម៉្មង់ជ្រូកខ្វៃពីអតិថិជន មកមានជាហូរហែរ រហូតមកដល់ពេលនេះមានការកក់ជ្រូកជាង ១០០ក្បាលហើយ។

លោកស្រីបានបន្ដថា «ការលក់ជ្រូកខ្វៃក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ព្រោះឆ្នាំមុនយើងពុំទាន់បានធូរស្បើយពីជំងឺកូវីដ១៩ បូករួមនឹងឆ្នាំនេះអតិថិជនស្គាល់ និងគាំទ្រដល់ហាងកសិករបុរាណច្រើន ដូច្នេះការកុម៉្មង់ក៏មានច្រើនជាងមុនដែរ។ ការគាំទ្រជាហូរហែរពីអតិថិជន ដោយសារតែហាងខ្ញុំធ្វើជ្រូកខ្វៃ ផ្ដោតលើគុណភាពជាចម្បង រក្សាសុវត្ថិភាព និងសុខភាពដល់អតិថិជន ដោយប្រើប្រាស់គ្រឿងផ្សំវត្ថុធាតុដើមក្នុងហាង ដោយផ្ដល់ទាំងរសជាតិឆ្ងាញ់ពិសា និងរក្សាសុខភាពដល់អតិថិជន»

លោក ហ៊ាទី អាជីវករលក់ជ្រូកខ្វៃយីហោ លឹម ម៉េងហេង មានទីតាំងក្នុងផ្សារអូឬស្សីបានថ្លែងថា ការលក់ជ្រូកខ្វៃក្នុងឆ្នាំនេះ កើនឡើងជាងរៀងរាល់ឆ្នាំ ចំពោះតម្លៃវិញក៏ប្រហាក់ប្រហែលនឹងឆ្នាំមុន ខុសគ្នាបន្ដិចបន្ដួចប៉ុណ្ណោះ។ ឆ្នាំនេះ ការលក់ជ្រូកខ្វៃ ដាច់ជាងបណ្ដាឆ្នាំទៅមិញ៕