(បាត់ដំបង)៖ នារសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២៣នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យមើលក្រុមការងារបច្ចេកទេសជាងដែលកំពុងប្រើគ្រឿងចក្រជីកស្រះធំៗចំនួន២ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជនចំនួន ៣២៥គ្រួសារ ជាលទ្ធផលស្រះមួយបានជីករួចរាល់ហើយ ឯស្រះមួយទៀតជីកបាន៥០ភាគរយហើយដែរ។

លោក ឡុង ផលគុណ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជន ចំនួន ៣២៥គ្រួសារ នៅចំណុចផ្ទះអតីតយុទ្ធជន ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចតេជោបានផ្តល់ស្រះទឹកធំៗចំនួន២កន្លែងតាមរយ:លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីជីកស្រះទាំង២នេះ ទុកជូនគ្រួសារអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ជាសាធារណ:ផលប្រយោជន៍រួមទាំងអស់គ្នា។

លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរជំនាញបាននាំកម្លាំងនិងគ្រឿងចក្រចុះអនុវត្តជីកស្រះទី១ ចាប់តាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានទំហំ បណ្តោយ១៧០ម៉ែត្រ ទទឹង៧០ម៉ត្រ និងជម្រៅ៥ម៉ែត្រ បានរួចជាស្ថាពរ។ ស្រះទី២ បានជីកចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ដែលមានទំហំ បណ្តោយ ១៨៥ម៉ែត្រ ទទឹង១០០ម៉ត្រនិងជម្រៅ៥ ម៉ែម៉ែត្រ គឺធ្វើរួច៥០ភាគរយហើយ ទឹកស្រះ
នេះក្រោយពីធ្វើរួចទាំងស្រុង គឺត្រូវដាំដើម
ឈើប្រណិតជុំវិញមាត់ស្រះបន្តទៀត។

លោកបន្តថា ទីតាំងទឹកស្រះនេះមានអំណោយផលដែលមានប្រភពទឹកហូរតាមប្រឡាយ អូរតូចៗ ហូរចូលមកក្នុងស្រះដោយខ្លួនឯង មានសភាពថ្លាយង់ល្អ ស្អាតជាផលល្អដល់អ្នកប្រើប្រាស់ផងដែរ៕