(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ នៅអំឡុងពេលដើមឆ្នាំនីមួយៗ ប្រជាជនខ្មែរដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិន សែនព្រេនតាមជំនឿ និងទំនៀមទម្លាប់របស់ខ្លួន ​ដោយមានការរៀបចំសម្អាត​តុបតែងផ្ទះសម្បែងឱ្យស្រស់ស្អាត ​និងតាំងគ្រឿងលម្អផ្សេងៗ ដើម្បីឱ្យពួកគេរកស៊ីមានបាន និងមានសុភមង្គលក្នុងគ្រួសារ។

ក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីមានការរីករាលនៃជំងឺកូវីដ១៩ ចាប់ពីឆ្នាំ២០២០មក ពលរដ្ឋ​កាត់ខ្មែរចិនមួយចំនួនហាក់ត្បិតត្បៀតក្នុងការទិញសម្ភារៈ ឬគ្រឿងរណ្តាប់ សម្រាប់រៀបចំពិធីសែនព្រេន ដោយសារតែចំណូល​ធ្លាក់ចុះ​ និងអតិផរណា។ ប៉ុន្តែក្នុងរដូវបុណ្យឆ្នាំចិន ឆ្នាំនេះ ពួកគេហាក់ចាប់ផ្តើមហ៊ានចំណាយទៅលើការទិញសម្ភារៈ និងគ្រឿងរណ្តាប់សែនព្រេនជាងឆ្នាំមុន ដោយប្រជាជនខ្មែរ ដែលជាប់សែស្រឡាយចិនទាំងនោះយល់ថា ការទិញបរិបូណ៍នូវគ្រឿងសម្រាប់តែងលម្អ និងម្ហូបអាហារ​ ផ្លែឈើ នឹងធ្វើឱ្យគ្រួសារ មុខរបរ ឬការងាររបស់ពួកគេ កាន់តែរីកចម្រើន និងកើនទ្រព្យសម្បត្តិជាងមុន​។

អ្នកលក់បន្លែ ផ្លែឈើ នំចំណី គ្រឿងរណ្តាប់សម្រាប់សែនព្រេន សុទ្ធតែបានលើកឡើងថា ការលក់ឆ្នាំនេះ ល្អប្រើប្រសើរជាងឆ្នាំមុន ដោយសារប្រជាជនហាក់ហ៊ានចំណាយ ទៅលើការសែនព្រេនឡើងវិញ។

​ចែ មុំ ដែលជាអ្នកលក់ដូរគ្រឿងរណ្តាប់ សម្រាប់រៀបចំសែនចិន នៅផ្សារកណ្តាលរាជធានីភ្នំពេញ កំពុងមមាញឹកយ៉ាងខ្លាំងជាមួយនឹងការលក់ដូររបស់ខ្លួន ដោយមានអតិថិជនចូលទិញជាបន្តបន្ទាប់។ អ្នកស្រីបានឱ្យដឹងថា ចាប់តាំងមានការរីករាលដាលជំងឺកូវីដ១៩មក ការលក់ដូរក្នុងរដូវបុណ្យទានបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅរដូវបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ អ្នកស្រីទទួលបានអតិថិជនច្រើនជាងមុន ដោយកើនឡើងប្រមាណ ២០%។

នៅសប្តាហ៍នេះ គឺជាពេលវេលាដែលប្រជាជនខ្មែរ​ជាប់សែស្រឡាយចិន មួយចំនួនក្នុងប្រទេសកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំ​ប្រពៃចិន រយៈពេលបីថ្ងៃ ​ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នៅរយៈពេល ២ ឬ៣មកនេះ នៅតាមផ្សារនីមួយក្នុងរាជធានីភ្នំពេញ មានអ្នកចូលទិញកុះករនូវគ្រឿងរណ្តាប់សម្រាប់សែន និងម្ហូបអាហារ។ ​

​ចំណែកនៅតាមគេហដ្ឋាន ក៏ដូចជានៅតាមដងផ្លូវ គេឃើញមានរៀបចំបណ្តើរៗហើយ ​នូវផ្កាចម្រុះពណ៌ ជាពិសេស គឺផ្កាអង្គារសិល្ប៍ និងផ្កាស្បៃរឿង​ គ្រឿងតុបតែងលម្អផ្ទះ គោមភ្លើង​ជាដើម។ ​

ស្ថិតក្នុងវ័យ៣៤ ឆ្នាំ អ្នកស្រី នួន សុខលីន អាជីវករលក់ផ្កាគ្រប់ប្រភេទនៅផ្សារចាស់ឯណេះវិញ ក៏មមាញឹកនឹងការលក់ផ្ការបស់ខ្លួនដែរ ដោយមានភ្ញៀវចូលទិញតាំងពីព្រឹករហូតដល់យប់។ ស្រ្តីវ័យកណ្តាលរូបនេះ បានឱ្យដឹងថា ការលក់ផ្កាឆ្នាំនេះ ល្អជាងឆ្នាំមុន ហើយផ្កាដែលលក់ដាច់ជាងគេ គឺផ្ការាសី ដោយសារតែឆ្នាំនេះ ចិនសែលើកឡើងថា រាសីល្អសម្រាប់ឆ្នាំនេះ ត្រូវនឹងផ្ការាសី ហេតុនេះហើយទើបមានអតិថិជនទិញច្រើន។

បណ្ឌិត ហុង វណ្ណៈអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការរៀបចំពិធីសែនចិន បានជាទំនៀមទម្លាប់មួយ ដែលបានចាក់ឬសក្នុងសង្គមខ្មែរ ហេតុនេះហើយទើបធ្វើឱ្យប្រជាជនខ្មែរជាប់សែស្រឡាយចិន ឬអ្នកដែលមានសម្ព័ន្ធភាពជាមួយអ្នកកាត់ចិន តែងតែចំណាយទៅលើការទិញគ្រឿងរណ្តាប់សម្រាប់រៀបចំ។

លោកបន្តថា ការហ៊ានចំណាយរបស់ប្រជាជនខ្មែរជាប់សែស្រឡាយចិន នឹងធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ច ចាប់តាំងពីកម្រិតសាមញ្ញ រហូតដល់កម្រិតធំ ដែលធ្វើឱ្យដំណើរការអាជីវកម្ម លក់ដូរ និងផលិតកម្មរបស់រោងចក្រសហគ្រាស កាន់តែដំណើរការល្អ​ ខណៈលោកកត់សម្គាល់ថា សម្រាប់ប្រជាជនដែលមានជីវភាពមធ្យម ហ៊ានចំណាយយ៉ាងហោចណាស់ពី ៥០ម៉ឺនទៅ៦០ម៉ឺនសម្រាប់ការសែនចិននេះ​៕