(ក្រចេះ)៖ ព្រះគ្រូយុត្តញ្ញាណោ បេ សីហា ព្រះធម្មធរអនុគណស្រុក និងជាព្រះចៅអធិការឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង មានសង្ឃដីកាថា វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ព្រះសង្ឃមានលទ្ធភាពរួមចំណែកជួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌។

ការមានសង្ឃដីកានេះធ្វើឡើងក្នុងឱកាសព្រះគ្រូយុត្តញ្ញាណោ បេ សីហា និមន្តដឹកនាំក្រុមមន្រ្តីសង្ឃនៃស្រុកឆ្លូង ខេត្តក្រចេះ នាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួនធំ រួមនឹងបច្ច័យ២លានរៀល មកប្រគល់ជូនរដ្ឋបាលស្រុកឆ្លូង ទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចការមនុស្សក្នុងស្រុក នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

ព្រះគ្រូយុត្តញ្ញាណោ បេ សីហា មានសង្ឃដីកាបញ្ជាក់អំពីការដែលក្រុមព្រះសង្ឃតែងតែនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ រួមទាំងបច្ច័យមកប្រគល់ជូនរដ្ឋបាលស្រុក ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជារៀងរាល់ឆ្នាំនោះ ដោយឃើញសកម្មភាពមនុស្សធម៌របស់រដ្ឋបាលស្រុក និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តែងតែចុះជួយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា ដោយមិនគិតពីភាពនឿយហត់ ហើយក៏ជាការតងស្នងសងគុណចំពោះរាជរដ្ឋាភិបាលដែលបានដឹកនាំកសាងប្រទេសជាតិ ក៏ដូចជាស្រុកឆ្លូងនៃខេត្តក្រចេះមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមដំបូលសន្តិភាព ក្នុងនោះវិស័យសាសនាក្នុងស្រុកឆ្លូង ក៏បាននិងកំពុងរីកចម្រើនជាច្រើនទៅដល់ជនបទដាច់ស្រយាល ព្រះសង្ឃមានលទ្ធភាពបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ក៏ដោយសារសេដ្ឋកិច្ចប្រជាពលរដ្ឋជាពុទ្ធបរិស័ទមានភាពធូរធាពីមួយឆ្នាំទៅមួយឆ្នាំ និងរស់នៅប្រកបដោយសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន។

លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានថ្លែងអំណរអរគុណចំពោះទឹកប្រទ័យរបស់ក្រុមព្រះមន្រ្តីសង្ឃទូទាំងស្រុកឆ្លូង ដែលតែងតែមានក្តីអាណិតអាសូរដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងជួបការលំបាក ហើយជាពិសេសបានផ្តល់ទំនុកចិត្តមកលើការងាររដ្ឋបាលស្រុកក្នុងសកម្មភាពមនុស្សធម៌ ដោយតែតែជួយឧបត្ថម្ភគាំទ្រមកដល់រដ្ឋបាល ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុករយៈពេលកន្លងមក។

លោកស្រីអភិបាលស្រុកបន្តថា តាមរយៈសម្ភារគ្រឿងបរិភោគ និងថវិកា រដ្ឋបាលស្រុកបានរៀបចំបែងចែក និងប្រគល់ជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះខ្វះខាតជាច្រើនមកហើយ ហើយសម្ភារៈដែលនឹងទទួលបាននាពេលនេះ រដ្ឋបាលស្រុកនឹងបន្តប្រើប្រាស់ឲ្យចំគោលដៅ និងគោលបំណងនៃម្ចាស់ជំនួយក្នុងការងារមនុស្សធម៌។

លោកស្រីអភិបាលស្រុកបានទូលស្នើសុំឱ្យព្រះសង្ឃ និងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុកឆ្លូង សូមបន្តចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ឱ្យបានផុលផុស ដែលនេះជាវប្បធម៌ចែករំលែក ដែលយើងទាំងអស់គ្នាគួរតែធ្វើ៕