(សៀមរាប)៖ ចាប់តាំងពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២៣នេះ ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តក្នុងដំណាក់កាលទី២ សម្រេចលទ្ធផលបានប្រមាណ៩០ភាគរយហើយ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដើម្បីលើកតម្លៃនិងរក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះឱ្យមានសភាពរឹងមាំឡើងវិញ។

លោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានឱ្យដឹងថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង១០០ម៉ែត្ររួចមកហើយ នៅផ្នែកខាងកើតខណៈការងារជួសជុលនៅផ្នែកខាងលិចក៏ជិតរួចរាល់ជាស្ថាពរ។

លោកបន្តថា «បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា ឆ្នាំ២០២៣នេះ សម្រេចបានប្រមាណ៩០ភាគរយហើយ ក្នុងនោះក្រុមការងារអាចនឹងប្រើប្រាស់ពេលវេលាបន្តយ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ»។

លោកបន្តទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះ ដូចជា ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាពនៃការជួសជុលនៅតែបន្ត បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។

លោក សាតុរឹ មីវ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជាក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរាបានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ជាពិសេសការកសាងសមត្ថភាពធនធានមនុស្ស រហូតដល់ការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយៗមិនចាំបាច់ពឹងផ្អែកលើបរទេសដូចពេលមុនឡើយ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕