(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃ បានសហការគ្នាធ្វើកំណាយស្រាវជ្រាវពីការវិវត្តស្តីពីការគោរពពុទ្ធសាសនាថេរវាទ ដោយផ្តោតលើការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះតាំងពីសម័យមុនអង្គររហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែលវត្តមកជំនួសប្រាសាទសម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។

គម្រោងស្រាវជ្រាវនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ចាប់តាំងពីខែវិច្ឆិកានោះរហូតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញមកពីសកលវិទ្យាល័យហាវ៉ៃ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន២០រណ្តៅ។ នៅតាមរណ្តៅកំណាយទាំងនោះគេបានរកឃើញខឿនវិហារនៃព្រះពុទ្ធសាសនា ថេរវាទធ្វើពីថ្មបាយក្រៀម ដែលមានបង្គោលសីមាធ្វើពីថ្មភក់នៅព័ទ្ធជុំវិញជា៨ទិស ព្រមទាំងរកឃើញបំណែកកុលាលភាជន៍ និងកម្ទេចធ្យូងដែលមនុស្សបុរាណបានប្រើប្រាស់ ដែលអាចយកសំណាកទាំងនោះទៅធ្វើការពិសោធរកចម្លើយ និងទិន្នន័យបាននៅពេលខាងមុខ។

គួរជម្រាបថា មុនធ្វើកំណាយនៅទីតាំងនេះ អ្នកជំនាញបានប្រើប្រាស់បច្ចេកវិទ្យា LiDAR ស្កេនពិនិត្យពីលើអាកាស ហើយក៏ឃើញមានទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្តនាសតវត្សទី១២ ត្រូវឈូសពង្រាបប្រហែលនៅសម័យកណ្តាល។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃធ្វើកំណាយស្រាវជ្រាវនេះ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ពន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សទី១៣រៀងមក។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងគោលបំណតខាងលើនេះបាន ក្រុមការងារស្រាវជ្រាវបានបើករណ្តៅកំណាយចំនួន២០រណ្តៅទំហំ១x២មនៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្រៅពីនេះ ដើម្បីទទួលទិន្នន័យបន្ថែមទៀត អ្នកស្រាវជ្រាវបានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។

លោក ទិន ទីណា បានពន្យល់ថា ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះអាចឱ្យយើងយល់ពីសហគមន៍មនុស្សរស់នៅក្នុងរាជធានីអង្គរ ដែលអាចឆ្លើយតបនឹងកត្តាប្រវត្តិសាស្ត្រធំៗមួយចំនួន ដូចជា ការផ្លាស់ប្តូរមកកាន់ពុទ្ធសានាថេវាទវិញ ការធ្លាក់ចុះអំណាចកណ្តាលរបស់អង្គរ ការធ្លាស់ប្តូររាជធានីទៅភាគខាងត្បូង (ជុំវិញភ្នំពេញ) និងការវិលត្រឡប់នៃអំណាចកណ្តាលមួយរយៈខ្លីនៅសតវត្សទី១៦ នៃព្រះមហាក្សត្រសម័យលង្វែក។

លោកបន្ថែមថា នៅឆ្នាំ២០១៩-២០២០ ក្រុមស្រាវជ្រាវទាំងពីរស្ថាប័នក៏បានធ្វើកំណាយស្រាវជ្រាវនៅគោកដូនប៉ុក គោកបាក់ និងគោកគង់ នៅតំបន់វត្តអធ្វា នៅគោករកា និងគោកព្រៃអំពិលកើតនៅតំបន់វត្តចេតិយ និងនៅគោកព្រៃអំពិលលិចនៅតំបន់វត្តព្រៃផ្តៅ។ គោលបំណងធ្វើកំណាយស្រាវជ្រាវនេះ គឺដើម្បីប្រមូលទិន្នន័យពីសហគមន៍មនុស្សរស់នៅក្នុងតំបន់ជនបទរាជធានីអង្គរ។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ពន្ធទីក្រុង ការផ្លាស់ប្ដូរវិទ្យាសាស្ត្រ មានន័យថាគឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។ ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះ គឺវាទាក់ទងទៅនឹងទេសភាព (ស្ថានដីទូទៅ) ថាតើសណ្ឋានដីដែលមនុស្សធ្លាប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ? ទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗ មានដូចជាការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញមកគោរពពុទ្ធសាសនាមហាយាន និងពុទ្ធសាសនាថេរវាទវិញនៅសតវត្សទី១៣ តើបានជះឥទ្ធិពលអីខ្លះដល់ភូមិមនុស្សដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ? មួយវិញទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងធ្លាប់ដឹងតៗគ្នា គឺការផ្លាស់ប្តូររាជធានីអង្គរ ថាតើវាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា?

សូមជម្រាបថា ចាប់តាំងពីអំឡុងឆ្នាំ២០១៣មក ក្រុមការងារស្រាវជ្រាវ ធ្លាប់បានធ្វើកំណាយនៅបរិវេណទួលខាងកើតនៃប្រាសាទអង្គរវត្ត ដោយគេបានរកឃើញសំបកក្រូចថ្លុង គ្រាប់ស្រូវ និងគ្រាប់កប្បាសដែលបន្សល់ទុកពីសម័យបុរាណប្រើប្រាស់៕