(អាមេរិក)៖ ដោយមានការលើកទឹកចិត្តពីការបោះឆ្នោតចាកចេញរបស់ អង់គ្លេស ពីសហភាពអឺរ៉ុប ពួកអ្នកចង់ផ្ដាច់ខ្លួនរបស់អាមេរិក នៅរដ្ឋតិចសាស បានទទួលយកកលយុទ្ធ នៃយុទ្ធនាការចាកចេញរបស់អង់គ្លេស និងកំពុងអន្ទះសារដោយចង់ទាមទារផ្តាច់ខ្លួន ហើយថ្លែងថា «ការចាកចេញរបស់តិចសាស់» នឹងកើតឡើងនៅពេលខាងមុខ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយពីរថ្ងៃមុននេះ។
លោក Daniel Miller ប្រធានរបស់ចលនាជាតិនិយមតិចសាស់ បាននិយាយថា ការបោះឆ្នោតដែលជំរុញឡើង ដោយពលរដ្ឋនៅអង់គ្លេស អាចជាគំរូមួយសម្រាប់រដ្ឋតិចសាស់ ដែលជាប្រទេសឯករាជ្យពីឆ្នាំ ១៨៣៦ ដល់ ១៨៤៥ ហើយសេដ្ឋកិច្ចរបស់ខ្លួនដែលមានទឹកប្រាក់ចំនួន ១,៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំនោះ នឹងស្ថិតក្នុងចំណោមសេដ្ឋកិច្ចធំជាងគេទី១០ នៅក្នុងពិភពលោក។
ក្រុមនេះបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា «ចលនាជាតិនិយមតិចសាស់កំពុងស្នើសុំជាផ្លូវការ ដល់អភិបាលរដ្ឋតិចសាស់ឲ្យគាំទ្រការ បោះឆ្នោតស្រដៀងគ្នាមួយ សម្រាប់ប្រជាជនតិចសាស់។ ការិយាល័យរបស់អភិបាលតិចសាស់ លោក Greg abbott មិនអាចសុំអត្ថាធិប្បាយភ្លាមៗបានទេ»។
លោក Miller បាននិយាយថា «ការចាកចេញរបស់រដ្ឋតិចសាស់កំពុងតែកើតឡើង»។ ប៉ុន្តែពួកអ្នកជំនាញខាងរដ្ឋធម្មនុញ្ញ បាននិយាយថា រដ្ឋរបស់អាមេរិកណា មួយមិនអាចបំបែកចេញបានទេ ប៉ុន្តែនេះមិនបានបញ្ឈប់ផែនការ របស់ពួកទាមទារផ្តាច់ខ្លួនរាប់រយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះទេ។ គ្មានរដ្ឋបាល ណាមួយត្រូវបានបង្កើតឡើងដោយការផ្តាច់ខ្លួនពីរដ្ឋណាមួយនោះទេ ចាប់ពីឆ្នាំ១៨៦៣មក។
ចេញពីរដ្ឋ Maine ទៅដល់រដ្ឋ Alaska ការខិតខំប្រឹងប្រែងផ្តាច់ខ្លួនចេញ ដោយមានជាច្រើនក្រុមនោះ ជារឿយៗ ដោយសារការខឹងសម្បារ ទៅនឹងការយកពន្ធ ឬអ្វីដែលពួកគេមើលឃើញថា ជាសិទ្ធិសេរីភាពរបស់ពួកគេនោះបានទទួលបរាជ័យ ដោយសារតែកត្តាប្រឈមផ្លូវច្បាប់ ដែលស្ទើរតែមិនអាចធ្វើទៅរួច ឬការខ្វះការគាំទ្រ។
ការស្ទង់មតិរបស់ Reuters/Ipsos នៅឆ្នាំ២០១៤ បានបង្ហាញថា ប្រជាជនអាមេរិកកាំងជិត ១ភាគ៤ ចង់ឲ្យបណ្តារដ្ឋរបស់ពួកគេចាកចេញ ពីរដ្ឋសហព័ន្ធ៕