(កំពង់ឆ្នាំង)៖ ត្រឹមតែរយៈពេល១៨ថ្ងៃ បន្ទាប់ពីបើកឱ្យចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧លើក និងបណ្ដាលឱ្យមានមនុស្ស ០៣នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និង ០៤នាក់ទៀតរងរបួសធ្ងន់ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ។

ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៥ ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំងខាងលើនេះ កើតឡើងជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានចុះធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយដល់អ្នកធ្វើចរាចរណ៍នៅតាមដង ផ្លូវជាតិលេខ៥ បណ្ដោយផ្លូវវាងក្រុង នៅតាមចំណុចផ្លូវបំបែក ដើម្បីធ្វើការអប់រំនិងណែនាំអំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋអ្នកធ្វើដំណើរ ឱ្យមានការយល់ដឹងបន្ថែម អំពីផ្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីឱ្យពួកគាត់អនុវត្ត និងមានការប្រុងប្រយ័ត្ន ដោយបើកបរទៅតាមល្បឿនកំណត់ និងត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។

ក្នុងការចុះណែនាំអប់រំដល់ពលរដ្ឋអ្នកធ្វើដំណើរខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏បានចែកជូននូវខិតប័ណ្ណស្ដីពីការណែនាំនូវច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ ទាំងអ្នកបើកបរ រថយន្ត ទោចក្រយានយន្ត គោយន្ត និងរថយន្តកែច្នៃគ្រប់ប្រភេទឱ្យបានស្គាល់នូវស្លាកសញ្ញាក្នុងខិតប័ណ្ណ ដោយត្រូវគោរពតាមទាំងអស់គ្នាទើបបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការបើកបរខ្វះ ការយល់ដឹងអំពីផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវដែលមានបំពាក់នៅតាមដងផ្លូវខាងលើនេះ។

លោក សំ សុខា អធិការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០២ ខែមករា ដែលជាថ្ងៃបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ទាំងសងខាង ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំងរហូតមក ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧លើក ក្នុងនោះមាន០៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ០៤នាក់ទៀត រងរបួសធ្ងន់ត្រូវបាន ក្រុមគ្រួសារ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

លោក មាស ឈុនលី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ៥ បើកឱ្យធ្វើចរាចរណ៍ទាំងសងខាងត្រង់ចំណុចផ្លូវវាង ក្រុងកំពង់ឆ្នាំងចាប់ពីគីឡូម៉ែត្រលេខ៧៤+០០០ ដល់គីឡូម៉ែត្រលេខ១១៥+០០០ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ នៃកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង (ព្រែកក្តាមធ្លាម្អម) ដែលអនុញ្ញាតបើកឱ្យធ្វើចរាចរណ៍ទាំងសងខាង គឺជួបនូវករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពិសេសត្រង់ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ។

លោក ថន ចាន់ពិសី អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងដែរថា ថ្ងៃនេះដែរ កម្លាំងប៉ូលីសចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានដាក់ពង្រាយនៅតាមបណ្ដាគោលដៅជាច្រើន នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលទើបបើកឲ្យដំណើរការក្នុងរយៈពេលថ្មីៗនេះ ដើម្បីពន្យល់ណែនាំដល់ពលរដ្ឋអំពីច្បាប់ចរាចរណ៍ និងផ្លូវដែលបាត់បង់អត្តភាពឱ្យ និងផ្លូវអាទិភាពឱ្យពួកគាត់យល់ដឹង ដើម្បីមានការប្រុងប្រយ័ត្ន ជាការបញ្ចៀសបាននូវរាល់គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយចេតនាក្តី ឬអចេតនាក្តី។

លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍តាមបណ្ដាផ្លូវសាធារណនានា មេត្តាមានការប្រុងប្រយ័ត្នទាំងអស់គ្នាដោយត្រូវគោរពឱ្យបាននូវច្បាប់ចរាចរណ៍ ពិសេសនៅពេលបើកបរដល់ចំណុចផ្លូវប្រសប់ត្រូវតែបង្អង់ល្បឿន ហើយត្រូវស្គាល់ផ្លូវណាដែលជាផ្លូវអាទិភាពរបស់ខ្លួន ហើយត្រូវមានការអធ្យាស្រ័យនិងយោគយល់ឲ្យគ្នាទៅវិញទៅមក ពិសេសកុំធ្វើការបើកបរនៅក្នុងស្ថានភាពស្រវឹង ព្រោះវាងាយរងគ្រោះថ្នាក់ជាយថាហេតុផងដែរ។

ជុំវិញករណីខាងលើនេះ លោក លី ណា ប្រធានការិយាល័យប៉ូលីសចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា បន្ទាប់ពីកើតឡើងនៅគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥ថ្មីខាងលើនេះ ពិសេសគឺផ្លូវវាងក្រុងកំពង់ឆ្នាំង លោកក៏បានបែងចែកកម្លាំងសមត្ថកិច្ចរបស់លោក ទាំងនៅតាមបណ្ដាស្រុកមួយចំនួនជាប់ផ្លូវជាតិលេខ៥ ដោយសហការជាមួយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនានា ដើម្បីធ្វើការណែនាំពន្យល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ឲ្យមានការយល់ ដឹងអំពីច្បាប់ចរាចរណ៍ ក្នុងនោះមន្ត្រីប៉ូលីសរបស់លោកមួយចំនួនទៀតធ្វើការត្រួតពិនិត្យទៅលើល្បឿនរថយន្ត ដើម្បីធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើតមានឡើងជាបន្តទៀត៕