(វ៉ាទីកង់)៖ ក្នុងឱកាសចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ជាមួយព្រះតេជគុណ សាន សុជា និងបូជាចារ្យកាតូលិក Will Conquer នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី បានទួលទ្រង់ឲ្យជួយបន់ស្រន់ ឲ្យកម្ពុជាមានសន្តិភាពជានិរន្តរ។

ព្រះតេជគុណ សាន សុជា, បូជាចារ្យកាតូលិក Will Conquer និងអ្នកឧកញ៉ា គួច ម៉េងលី បាននិងកំពុងនិមន្ត និងធ្វើដំណើរ នៅទ្វីបអឺរ៉ុប ដើម្បីចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ចូលរួមកម្មវិធីពិសេសនៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា»

ដំណើរពិសេសនៅទ្វីបអឺរ៉ុបនេះ មានរយៈពេលចំនួន ៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដែលមានឈ្មោះថា «Rome Monaco Paris (RMP) Friendship Tour January 2023 Provisional Program» ឬហៅជាខេមរភាសាថា «ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣»

អ្នកឧកញ៉ា គួច ម៉េងលី បានថ្លែងថា ប្រទេសកម្ពុជា ជិត៥០០ឆ្នាំហើយ អត់ដែលមានភាពកក់ក្តៅ ត្រជាក់ត្រជុំ និងស្ថិរភាព ដូចបច្ចុប្បន្ននេះទេ ដោយសារតែមានសង្គ្រាមស៉ីវិល និងសង្គ្រាមប្រទេសជិតខាងវាយលុក។ ប៉ុន្តែឥឡូវនេះ កម្ពុជាអាចរក្សាដែនដី និងរក្សាសន្តិភាព រវាងប្រជាពលរដ្ឋ។

លោក គួច ម៉េងលី បានបន្ថែមថា នៅកម្ពុជាទៀតសោត ក៏មានភាពសុខសាន្តផ្នែកសាសនា ពោលទាំងអ្នកកាន់ពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនា រស់នៅជាមួយគ្នាប្រកបដោយសុភមង្គលក្រៃលែង។

លោកបានបន្តយ៉ាងដូច្នេះ «នេះបង្ហាញថា ប្រទេសយើងទោះជាតូចមែន តែការជឿនលឿន ការលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលយើងចង់បង្ហាញពិភពលោក និងបង្ហាញសម្តេចប៉ាប ផងដែរ ដែលជាប្រធានសាសនាមួយ នៅលើលោកនេះ ឲ្យដឹងថា ខ្មែរយើងកំពុងតែរស់នៅក្នុងសន្តិភាព និងការរីកលូតលាស់ទៅមុខ ហើយសូមឲ្យសម្តេចប៉ាប ជួយបន់ស្រន់ ឲ្យប្រជាពលរដ្ឋយើង មាននិរន្តរភាព ទៅអនាគតវែងឆ្ងាយទៀត។ ខ្ញុំក៏បាននាំពាក្យ ទៅសម្តេចប៉ាប ផងដែរ គឺជូនពរឲ្យអាយុយឺនយូរ និងសុខភាពល្អ»

លោក គួច ម៉េងលី ថែមទាំងអំពាវនាវដល់ប្រជាជនកម្ពុជា ដែលរស់នៅក្នុង និងក្រៅប្រទេស រួមគ្នាជួយឲ្យឈ្មោះប្រទេស ត្រូវបានពិភពលោកស្គាល់។ ក្នុងនាមជាខ្មែរដូចគ្នា ត្រូវចេះស្រលាញ់គ្នា និងយកអាសារគ្នា ទើបប្រទេសជាតិត្រូវបានពិភពលោកផ្តល់តម្លៃ។

ជាមួយគ្នានេះ ព្រះតេជគុណ សាន សុជា បានមានសង្ឃដីកាថា ព្រះអង្គរីករាយដែលបានចូលរួមសកម្មភាពនេះ និងនាំឲ្យគេស្គាល់ប្រទេសកម្ពុជា។ ព្រះអង្គ ក៏បានផ្តាំប្រជាជនកម្ពុជា ទោះបីធ្វើដំណើរទៅកាន់ប្រទេសក្រៅ ឬទៅទីណាក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនថា ជាជនជាតិកម្ពុជាដែរ។

ព្រះតេជគុណ បានបញ្ជាក់ថា «បច្ឆាជនជំនាន់ក្រោយ ត្រូវចេះចងក្រងគ្នា។ និយាយរួម ឥឡូវនេះ ខ្មែរយើងដូចផ្ការុះរាយ។ អញ្ចឹង វាដល់ពេលដែលយើងត្រូវយកខ្សែ មកដោតក្រងឲ្យទៅជាកម្រផ្កាមួយដ៏ស្រស់ស្អាត»

ព្រះតេជគុណ សាន សុជា បានបន្ថែមថា ពេលចូលជួបសម្តេចប៉ាប ព្រះអង្គ និងអ្នកឧញ៉ា គួច ម៉េងលី បានប្រាប់សម្តេចប៉ាប យ៉ាងច្បាស់លាស់ថា ជាជនជាតិខ្មែរ។ ព្រះអង្គបន្តថា ការបញ្ជាក់នេះ មិនមែនត្រូវបានគេមើលងាយឡើយ មានតែការសរសើរទៅវិញ ព្រោះគេដឹងថាជានរណា និងមានអត្តសញ្ញាណមួយច្បាស់លាស់ ហើយធ្វើឲ្យគេទុកចិត្ត។

ស្របពេលជាមួយគ្នានេះ បូជាចារ្យកាតូលិក Will Conquer បានលើកឡើងថា សាសនាអ្វីក៏ដោយពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងសង្គមមួយ ឲ្យមានភាពរុងរឿង។ លោកបូជាចារ្យ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលប្រឹងប្រែងធ្វើឲ្យអ្នកកាន់សាសនាទាំងអស់នៅកម្ពុជា មានសេរីភាពពេញលេញ ក្នុងការអនុវត្តជំនឿ។

លោកបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់រដ្ឋខ្មែរ ដោយសារខ្ញុំជាជនជាតិបរទេស។ ខ្ញុំរស់នៅខ្មែរប្រមាណ ២០ឆ្នាំ ដោយសេរីភាព អត់មាននរណាបៀតបៀនខ្ញុំទេ គ្មាននរណាមើលងាយខ្ញុំទេ ទោះខ្ញុំកាន់សាសនាគ្រិស្ត។ ខ្ញុំអរគុណព្រះជាម្ចាស់ អរគុណដល់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី, សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ ដែលជួយឲ្យប្រទេសមានសុខដុមរមនា ហើយខ្ញុំមិនចង់ឃើញសង្គ្រាមបំផ្លាញខ្មែរម្តងទៀត»

លោកបានចាត់ទុកថា កម្ពុជា គឺជាគំរូនៅអាស៉ី ដែលមានសុខដុមរមនីយកម្មផ្នែកសាសនា។

សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជគុណ សាន សុជា គឺជាជនជាតិខ្មែរដ៏កម្រ ដែលមានឱកាសចូលគាត់សម្តេចប៉ាប។ កន្លងមក មានជនជាតិខ្មែរ ត្រឹមតែ ២រូបប៉ុណ្ណោះ ដែលបានចូលគាត់សម្តេចប៉ាប គឺសម្តេចឪ (ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) នៅឆ្នាំ១៩៥០ និងសម្តេចព្រះមហាឃោសនន្ទ នៅឆ្នាំ១៩៨៦។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម។ ថ្មីៗនេះ លោកត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» ដោយសារសកម្មភាពជួយសង្គម។

ចំណែកឯព្រះតេជគុណ សាន សុជា គឺជាបុគ្គលល្បីលើបណ្តាញសង្គម ដែលអប់រំប្រជាជនខ្មែរលើសាកលលោក តាមរយៈការផ្សព្វផ្សាយធម្មទេសនា។ រីឯលោក Will Conquer គឺជាជនជាតិបារាំងកាត់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ក្នុងនាមជាបូជាចារ្យសាសនទូត ផ្នែកកាតូលិក នៅកម្ពុជា។

សម្តេចប៉ាប ហ្វ្រង់ស៉ីស បានពិភាក្សាអំពីប្រធានបទ «ការប្រែចិត្តជឿ» ជាមួយព្រះសង្ឃ និងគណៈប្រតិភូទៅពីកម្ពុជា។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកាតូលិក Catholic News Agency ។

បើតាមប្រភពដដែល សម្តេចប៉ាប ហ្វ្រង់ស៉ីស បានថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគាត់ ទៅកាន់បុរីវ៉ាទីកង់ ជាកន្លែងដែលពួកគាត់ បន្តជួបជាមួយនឹងក្រុមមន្ត្រីវ៉ាទីកង់ សម្រាប់ធ្វើកិច្ចសន្ទនាអន្តរសាសនាផងដែរ៕