(ក្រចេះ)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ នៅសាលមហោស្រពខេត្តក្រចេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះ មានការចូលរួមពីលោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក ឈា ផល្លី សមាជិកគណៈកម្មាធិការគណបក្សខេត្ត, លោក ហេង សុថា ប្រធានក្រុមការងារ គណបក្សខេត្ត ចុះមូលដ្ឋានក្រុងក្រចេះ, លោកស្រី ខាំ សុភាព អនុប្រធានក្រុមការងារគណបក្សខេត្តចុះជួយក្រុងក្រចេះ និងលោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង។

ពិធីនេះ ក៏មានការចូលរួមពី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ទាំង ៥ គណៈកម្មាធិការសាខាបក្សភូមិ សាខាចំណុះ ស្មៀនសង្កាត់ ប៉ុស្ត៍រដ្ឋបាលសង្កាត់ យុវជនគណបក្សក្រុង យុវជនគណបក្សសង្កាត់ អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សរុបចំនួន៣០២នាក់។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងរបាយការណ៍របស់គណបក្សសង្កាត់ទាំង ៥ រួចមក លោកប្រធានគូសបញ្ជាក់ពីសមិទ្ធផលធំជាច្រើន ដែលខេត្តក្រចេះទទួលបានពីរាជរដ្ឋាភិបាលដូចជាផ្លូវ ស្ពានជាដើម ដែលសមិទ្ធផលទាំងនេះ បានជួយទៅដល់សេដ្ឋកិច្ចជីវភាព សម្រួលដល់ការធ្វើដំណើរ របស់ប្រជាជនកាន់តែលឿនរហ័សជាងមុន។

បន្ទាប់មកលោកប្រធាន បានមានចំណាប់អារម្មណ៍ និងមតិសំណេះសំណាលផ្តាំផ្ញើមួយចំនួន ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

១៖ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ក្នុងការការពារកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានរំលោភបំពានពីជនអគិត ឬក្រុមណាមួយ
២៖ ស្នើដល់មន្ត្រីមូលដ្ឋានបន្ត និងជំរុញ ប្រជាពលរដ្ឋចាក់ចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗ គ្នា
៣៖ ស្នើឲ្យរដ្ឋបាលក្រុង សហការជាមួយសង្កាត់ ភូមិ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អបន្ថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់បញ្ហាក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងជាដើម
៤៖ ស្នើឲ្យមន្រ្ដីមូលដ្ឋានត្រូវចេះផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានជួយដល់ប្រជាជនដូចជាការចាក់វ៉ាក់សាំងកូវីដ-១៩ បានការពារអាយុជីវិតប្រជាពលរដ្ឋជាច្រើន ការឧបត្ថម្ភសាច់ប្រាក់ជាដើម
៥៖ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានត្រូវចូលរួមដោះស្រាយទំនាស់ផ្សេងៗរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព
៦៖ ត្រូវរៀបចំអង្គការចាត់តាំង ឲ្យបានច្បាស់លាស់ សម្រាប់គ្រប់គ្រងក្រុមធ្វើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ឡានឈ្នួល ម៉ូតូឌុប នារីបម្រើការងារ KTV ជាដើម -ល-។
៧៖ បន្តពង្រឹង និងពង្រីកសមាជិកបក្សឲ្យបានច្រើន និងមានគុណភាព
៨៖ បន្តពង្រឹងតួនាទីរបស់សង្កាត់ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឲ្យបានលឿន និងឆាប់រហ័ស
៩៖ ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ត្រូវរៀបចំផែនការចុះជួបក្រុមគោលដៅ៖ (១) គ្រួសារក្រីក្រ ក្រ១ ក្រ២ (២) ចុះជួបក្រុមបក្សតាមភូមិទាំងអស់ (៣) សិក្សាឡើងវិញពីឯកសារបម្រើ ឲ្យការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដោយធានាថាសមាជិកបក្សត្រូវមានឯកសារសម្រាប់ការបោះឆ្នោត
១០៖ ស្នើឲ្យក្រុមការងារបន្តចុះសួរសុខទុក្ខសមាជិកក្រីក្រ ចាស់ជរា អ្នកមានជំងឺជាដើម
១១៖ ស្នើឲ្យប្រធានក្រុមការងារខេត្ត ក្រុង សហការរៀបចំផែនការចំណាយ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

មុននឹងបញ្ចប់ លោក ឈឿន ប៊ុណ្ណារ័ត្ន បានឧបត្ថម្ភថវិកា១០០០ដុល្លារ សម្រាប់សាងសង់បង្គន់អនាម័យនៅគណបក្សសង្កាត់រកាកណ្តាល និងឧបត្ថម្ភថវិកាដល់សង្កាត់ទាំង៥ ដើម្បីអនុវត្តការងារប្រចាំខែរបស់គណបក្សសង្កាត់ (១សង្កាត់១,០០០,០០០រៀល សរុបអស់ចំនួន២៥,០០០,០០០រៀល) គិតចាប់ពីខែកុម្ភៈ ដល់ខែមិថុនា។

ជាមួយគ្នានេះ លោកប្រធាន ក៏បានឧបត្ថម្ភដល់សមាជិកអង្គប្រជុំចំនួន២៣២នាក់ ក្នុងមួយនាក់ទទួលបាន២០,០០០រៀល សរុប៤,៦៤០,០០០រៀល។ លោក អ៊ុយ ភារក្ស បានប្រគល់កុំព្យូទ័រដល់គណបក្សសង្កាត់ ក្រគរចំនួន១គ្រឿង និងគណបក្សសង្កាត់រការកណ្តាលចំនួន១គ្រឿង សម្រាប់បម្រើការងារក្នុងគណបក្សសង្កាត់ សរុបថវិកាអស់ចំនួន៩៥០ដុល្លារ៕